ក្រសួងការងារ ចុះអនុស្សរណៈជាមួយវេសឡាញ អេឌ្យូខេសិនគ្រុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈជាមួយ វេសឡាញ អេឌ្យូខេសិនគ្រុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក វេសឡាញ អេឌ្យូខេសិនគ្រុប។
ថ្លែងក្នុងពិធីចុះហត្ថលេខាដែលបានធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អនុស្សរណៈនាពេលនេះ គឺជាកិច្ចសហការថ្មីបន្ថែមមួយទៀតជាមួយនឹង វេសឡាញ អេឌ្យូខេសិនគ្រុប ដែលនឹងបង្កើនប្រសិទ្ធភាពលើកិច្ចសហការក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាការចូលរួមចំណែកពីវិស័យឯកជនដើម្បីចូលរួមគាំទ្រយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាកម្ពុជា។ បន្ថែមពីនេះ កិច្ចសហការនេះនឹងសម្រេចបាននូវការបណ្តុះបណ្តាលចំណេះ ជំនាញដល់យុវជន និងពលរដ្ឋកម្ពុជាបន្ថែមទៀតក្រៅពីការបណ្តុះបណ្តាលក្រោមឱវាទរបស់ក្រសួងដើម្បីអាចឱ្យពលរដ្ឋចាប់យកឱកាសការងារដ៏សម្បូរបែបក្នុងទីផ្សារសម្រាប់ពង្រឹងជីវភាពឱ្យកាន់តែប្រសើរ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបើកជំហរចំពោះវិស័យឯកជនសម្រាប់ការប្រើប្រាស់មន្ទីរពិសោធន៍ផ្សេងៗរបស់ក្រសួងដែលវិស័យឯកជនត្រូវការដើម្បីពង្រឹងសមត្ថភាពសម្រាប់សិក្ខាកាមបន្ថែម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្រោមឱវាទក្រសួងត្រូវបន្តយកចិត្តទុកដាក់ចំពោះកិច្ចសហការដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព និងការបន្តទាក់ទាញវិស័យឯកជនចូលរួមក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីសម្រេចចក្ខុវិស័យរបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃវេសឡាញ អេឌ្យូខេសិនគ្រុប បានអះអាងថា ការចុះអនុស្សរណៈនាពេលនេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់តែប្រសើរបន្ថែមទៀតសម្រាប់សង្គមជាតិតាមរយៈកិច្ចសហការជាមួយនឹងវិស័យឯកជន។ ទន្ទឹមនេះ វេសឡាញ អេឌ្យូខេសិនគ្រុប បានត្រៀមខ្លួនរួចជាស្រេចដើម្បីឱ្យកិច្ចសហការដែលបានចុះហត្ថលេខានាពេលនេះ ទទួលបានជោគជ័យដែលជាការជួយជ្រោមជ្រែងដល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ផលប្រយោជន៍ជូនសង្គមជាតិបន្ថែមទៀត ៕