ធនាគារជាតិកម្ពុជា សម្ពោធដាក់ឲ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App»
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឲ្យដំណើរការបឋម នូវកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» ដើម្បីលើកកម្ពស់សេវាទូទាត់ឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។
ការសម្ពោធដាក់ឲ្យប្រើប្រាស់កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
កម្មវិធីទាត់បាគងទេសចរ «Bakong Tourist App» ជាកម្មវិធីមួយដែលដូចនឹងកម្មវិធីបាគង ដែលបាននិងកំពុងប្រើប្រាស់រាល់ថ្ងៃ ចំពោះកម្មវិធីទូទាត់បាគងទេសចរ «Bakong Tourlst App» នឹងផ្ដល់លទ្ធភាពឲ្យទេសចរអាចប្រើប្រាស់ និងមានបទពិសោធន៍ថ្មី នៅពេលដែលពួកគាត់ចូលមកដល់ប្រទេសកម្ពុជា និងសម្រួលដល់ការចាយវាយក្រដាស់ប្រាក់សុទ្ធ។
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ការដាក់ឱ្យដំណើរការ កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» មានគោលបំណងលើកកម្ពស់ សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា»។
លោកជំទាវបណ្ឌិត បានបន្ថែមថា ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា អាចធ្វើការទាញយក កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist App) និងចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ ហើយបន្ទាប់មកអាចបញ្ចូលទឹកប្រាក់ ក្នុងគណនីបាគងជាការស្រេច ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន។
លោកជំទាវបណ្ឌិត បានបន្ដថា ការណ៍នេះនឹងកាត់បន្ថយបញ្ហាលំបាក ដល់ភ្ញៀវទេសចរ ក្នុងការប្រើប្រាស់សាច់ប្រាក់ ដោយគ្រាន់តែធ្វើការស្កេនទូទាត់នៅតាមហាងទំនិញប្រមាណ ៣.៣លានទីតាំង ដែលមានសញ្ញា KHQR code។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ថា សមិទ្ធផលដែលសម្រេចខាងលើនេះ អាស្រ័យដោយធនាគារជាតិនៃកម្ពុជា បានអនុវត្តកម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់លើវិស័យធនាគារ និងស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសក្រោមការយកចិត្តទុកដាក់ ការផ្តល់អនុសាសន៍ដ៏ឧត្តុង្គឧត្តមប្រកបដោយ ទស្សនវិស័យវែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី បានឲ្យដឹងថា បច្ចុប្បន្នពេលទេសចរចូលមកកម្ពុជាភាគច្រើនគឺ ប្រើប្រាស់ក្រេឌីតកាតដូចជា វីសាលកាតជាដើម ប៉ុន្ដែកន្លែងខ្លះមិនអាចប្រើប្រាស់ក្រេឌីតខាតបានទេ ដូច្នេះប្រសិនបើមិនអាចប្រើប្រាស់ក្រេឌីតខាតបាន នោះនឹងមានការប្រើប្រាស់នូវក្រដាសប្រាក់សុទ្ធ។ មែនទែនការចាយតាមក្រេឌីតខាតក៏ជាឧបសគ្គ ចំណែកការចាយក្រដាស់ប្រាក់ក៏ជាឧបសគ្គ ព្រោះយើងត្រូវជម្រើសយកគុណភាពបន្ដិចលើក្រដាសប្រាក់ ដែលនាំឲ្យមានការលំបាកក្នុងការចាយវាយ។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ដូច្នេះខ្ញុំជឿជាក់ថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ «Bakong Tourist App» នឹងរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្តល់នូវបទពិសោធ ក្នុងការទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
សូមជម្រាបថា ថ្មីៗសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យ ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការបន្ទាន់ជាមួយបណ្តាធនាគារឯកជនទាំងអស់ ឱ្យទម្លាក់ចោលលក្ខខណ្ឌ ដែលតម្រូវឱ្យកាត់ទឹកចំពោះលុយដុល្លារដែលមានដាច់រហែក ឬប្រឡាក់តិចតួច។
សម្តេចមហាបវរធិបតី សង្កត់ធ្ងន់ថា ការទម្លាក់ចោលលក្ខខណ្ឌនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជាប៉ះពាល់អារម្មណ៍ ហើយថាករណីនេះជាករណីតិចតួច តែអាចបង្កជាបញ្ហាធំ ៕