អភិបាលខេត្តកំពង់ធំ ដឹកនាំការដាំស្ដារព្រៃឈើ ១មុឺនដើម នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងស្រុកសណ្ដាន់
ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានដឹកនាំការដាំស្ដារព្រៃឈើ ១០,០០០ដើម នៅតំបន់ច្រកតោល ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតនៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ការដាំស្ដារព្រៃឈើ ១០,០០០ដើម ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នេះ គោលបំណងដើម្បីស្តារព្រៃឈើឡើងវិញ និងទីជម្រកសម្រាប់ជីវចម្រុះ ក៏ដូចជារួមចំណែលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋមូលដ្ឋានអំពីសារប្រយោជន៍នៃព្រៃឈើ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ថ្វីដ្បិតតែការដាំដើមឈើនៅពេលនេះ វាតិចតួចណាស់ មិនស្មើនឹងព្រៃឈើដែលបានកាប់បំផ្លាញក៏ពិតមែន ប៉ុន្តែវាបានបង្ហាញនូវខ្លឹមសារ ព្រៃឈើពិតជាមានតម្លៃណាស់ ដើមឈើដែលយើងដាំមួយដើមៗ តើត្រូវប្រើរយៈពេលប៉ុន្មានឆ្នាំ ទើបអាចធំរីកលូតលាស់ដូចដើម។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទាំងអស់គ្នាត្រូវយល់អំពីត្រូវយល់អំពីតម្លៃនៃព្រៃឈើ រួមគ្នាទប់ស្កាត់ការការពារធនធានធម្មជាតិ ត្រូវរក្សានូវស្ថានភាពបច្ចុប្បន្ននេះឱ្យបាន ហាមការកាប់ទន្ទ្រានដីព្រៃ និងការទិញលក់ដីព្រៃបន្តទៀតនោះទេ។
ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវមានវិធានការច្បាស់លាស់ក្នុងការការពារធនធានធម្មជាតិនេះ។
តាមការបញ្ជាក់ពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កូនឈើ១ម៉ឺនដើមនេះ មាន៤ប្រភេទ៖ បេង ក្រញូង ធ្នង់ និងច្រេស បានដាំស្ដារឡើងវិញលើទីតាំងផ្ទៃដីបានដកហូតទុកជាសម្បត្តិរដ្ឋដែលកាន់កាប់ខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន ២៧.៥៣ហិកតា។
លោកប្រធានមន្ទីរ បានបន្តថា មន្ទីរបរិស្ថានខេត្តនឹងបន្តការត្រួតពិនិត្យ និងដកហូតយកដីព្រៃដែលបានកាប់ឆ្ការថ្មីៗនៅក្នុងតំបន់ការពារធម្មជាតិទាំង៧កន្លែង ក្នុងភូមិសាស្រ្តកំពង់ធំ ដោយមិនលើកលែង ដើម្បីយកមកស្ដារ គម្របព្រៃឡើងវិញ។មន្ទីរបរិស្ថានខេត្តកំពង់ធំ បានស្រាវជ្រាវកំណត់ និងដកហូតយកដីដែលបានកាប់រានថ្មីៗនៅក្នុង តំបន់ការពារធម្មជាតិ ចំនួន ២០កន្លែង ដែលមានផ្ទៃដីសរុបទំហំ ១,០៧១ហិកតា នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ចំនួន១៧កន្លែង (៩៩៧ហិកតា) តំបន់រ៉ាមសារស្ទឹងសែន១កន្លែង (៦៧៧ហិកតា) និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ០២កន្លែង (ព៧ហិកតា) ទីតាំង ដែលមានថ្ងៃដីសរុបទំហំ ១,០៧១ហិកតា ដើម្បីធ្វើការស្តារឡើងវិញ ដោយការដាំកូនឈើនិងការជួយជម្រុញដំណុះធម្មជាតិនៅក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ៕