ក្រុមហ៊ុនវិនិយោគចិន កំពុងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ឱ្យចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាពនាព្រឹកមិញនេះ។ ក្នុងគោលបំណងបញ្ជាក់បន្ថែមឱ្យរឹតតែច្បាស់ ជូនទៅគណៈប្រតិភូដែលមានវត្តមាននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការសម្របសម្រួលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញចូលតែមួយលើការវិនិយោគឯកជន របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន បានគោរពស្ញើចសរសើរចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយពីមួយចំណុច ទៅមួយចំណុចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
គណៈប្រតិភូក៏បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងថាមពល ខណៈពេលដែលកម្ពុជាក៏បានបង្ហាញឱ្យឃើញអំពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍វិនិយោគិនផងដែរ ៕