មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ផ្ដល់បទសម្ភាសន៍ជាមួយ សារព័ត៌មានចិន និងស្ថានីយ៍ទូរទស្សន៍ Guizhou
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបសម្ភាសន៍ជាមួយសារព័ត៌មានចិន និងស្ថានីយ៍ទូរទស្សន៍ Guizhou ក្នុងអំឡុងពេលនៃការចូលរួមកម្មវិធី “សប្តាហ៍នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំចិន-អាស៊ាន ឆ្នាំ២០២៤” (2024 China-ASEAN Education Cooperation Week) នៅខេត្ត Guizhou សាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានគូសបញ្ជាក់នូវចំនុចសំខាន់ៗមួយចំនួនរួមមាន៖
១) សប្តាហ៍នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំចិន-អាស៊ាន ឆ្នាំ២០២៤ ជាកម្មវិធីដែលបង្ហាញពីការពង្រឹងទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសជាសមាជិកអាស៊ាន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងការរីកចម្រើនទាំងអស់គ្នា។ ព្រឹត្តិការណ៍នេះជាវេទិកាដ៏សំខាន់មួយសម្រាប់ជំរុញភាពជាដៃគូ ការចែករំលែកចំណេះដឹង និងការស្វែងយល់ពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិត ហើយក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងប្រព័ន្ធអប់រំក្នុងតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងអាស៊ាន។
២) មូលបទនៃកម្មវិធីសប្តាហ៍នៃកិច្ចសហប្រតិបត្តិការអប់រំចិន-អាស៊ាន ឆ្នាំ២០២៤ ស្តីពី “ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន” ផ្ដោតលើការពង្រឹងការយល់ដឹងទៅវិញទៅមក ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងទំនុកចិត្ត ការលើកកម្ពស់តម្លៃនៃវប្បធម៌ និងភាពជាដៃគូរយៈពេលវែង។ ព្រឹត្តិការណ៍នេះនឹងជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅតាមរយៈគំនិតផ្តួចផ្តើមការអប់រំ ការផ្លាស់ប្តូរសិស្ស គម្រោងស្រាវជ្រាវរួមគ្នា និងការចែករំលែកឧត្តមានុវត្តន៍ក្នុងវិស័យអប់រំ។
៣) ឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវបានលើកកម្ពស់ក្នុងអំឡុងសប្តាហ៍នៃកិច្ចសហប្រតិបត្តិការអប់រំចិន-អាស៊ាន ឆ្នាំ២០២៤៖
– ការអប់រំ៖ កម្មវិធីផ្លាស់ប្តូរនិស្សិត និងមហាវិទ្យាល័យ (ដែលរួមបញ្ចូលកម្មវិធីអាហារូបករណ៍ កម្មវិធីសិក្សាទទួលបានសញ្ញាបត្ររួម និងកម្មវិធីទស្សនកិច្ចសិក្សារយៈពេលខ្លី ជាដើម) ការអភិវឌ្ឍន៍កម្មវិធីសិក្សា (ការបញ្ចូលទស្សនៈពិភពលោក ជាពិសេសក្នុងវិស័យ STEM អក្ខរកម្មឌីជីថល និងភាសា) វេទិកាសិក្សាតាមអ៊ីនធឺណិត និងឌីជីថល និងគំនិតផ្តួចផ្តើមលើការស្រាវជ្រាវរួមគ្នា។
-សេដ្ឋកិច្ច៖ ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍន៍កម្លាំងពលកម្ម (ជាពិសេសវិស័យសំខាន់ៗក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូចជាសេដ្ឋកិច្ចឌីជីថល ភស្តុភារ និងការផលិតកម្រិតខ្ពស់) មជ្ឈមណ្ឌលសហគ្រិនភាព និងនវានុវត្តន៍ (ដើម្បីលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចបៃតង) និងការអប់រំលើពាណិជ្ជកម្ម និងការវិនិយោគ (ផ្តោតលើរបៀបធ្វើអាជីវកម្មដែលអាចបង្កើនឱកាសនៅក្នុងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA) រួមទាំងការយល់ដឹងអំពីគោលនយោបាយពាណិជ្ជកម្ម នីតិវិធីគយ និងយុទ្ធសាស្ត្រចូលទីផ្សារ)។
-វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ រួមមានការស្រាវជ្រាវរួមគ្នាលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ការផ្ទេរបច្ចេកវិទ្យា និងការសហការគ្នាលើនវានុវត្តន៍ និងការអភិវឌ្ឍន៍សួនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ គំនិតផ្តួចផ្តើមទាំងនេះនឹងពង្រឹងទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន និងរួមចំណែកដល់ស្ថិរភាពក្នុងតំបន់ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
សូមបញ្ជាក់ផងដែរថា កម្មវិធី “សប្តាហ៍នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំចិន-អាស៊ាន ឆ្នាំ២០២៤” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅខេត្ត Guizhou សាធារណរដ្ឋប្រជាមានិតចិន៕