រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងល្បែងស៊ីសង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពីការគ្រប់គ្រងល្បែងស៊ីសង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកររដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ និងជាប្រធាន គ.ល.ក ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ(A) សាលាខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមធ្វើការផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធតាមក្រុងស្រុកទាំង១៣ សូមចូលរួមសហការណ៍ និងចាត់វិធានការក្តៅចំពោះក្រុមហ៊ុន សាខា និងប៉ុស្តិ៍សេវាណាដែលមិនមានច្បាប់អនុញ្ញាតឲ្យប្រកបមុខរបរខុសច្បាប់គ្រប់ប្រភេទ ដើម្បីថែរក្សានូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ ឃុំ មានសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ដោយមានអញ្ជើញចូលរួមពី៖ប្រតិភូ គ.ល.ក ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយក រងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយកទីចាត់ការ អង្គភាពសាលាខេត្ត ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសាខាគយនិងរដ្ឋាករខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត នាយិកាសាខាកាកបាទក្រហមខេត្ត អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុកទាំង១៣ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុងស្រុក មេឃុំចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ សរុបចំនួន៣៥២រូប។