ឯកឧត្តម ធន់ វឌ្ឍនា បើកសិក្ខាសាលាស្តីពី ការឈ្វេងយល់អំពីការអភិវឌ្ឍសេដ្ឋកិច្ច នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី «ការឈ្វេងយល់អំពីការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)» នៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថាន សាស្រ្តាចារ្យ មន្រ្តី និងនិស្សិតប្រមាណ ២០០នាក់ ។
ថ្លែងក្នុងអង្គសិក្ខាសាលានោះ ឯកឧត្តមបណ្ឌិត បានផ្តោតសំខាន់ទៅលើសក្តានុពលសេដ្ឋកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ព្រមទាំងបានពន្យល់បន្ថែមដល់អ្នកចូលរួមឱ្យបានយល់កាន់តែច្បាស់អំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កុំឱ្យធ្លាក់ក្នុងឧបាយកលរបស់ក្រុមប្រឆាំងមួយក្តាប់តូច ដែលមានចេតនាទុច្ចរិតបង្កភាពវឹកវរ និងចលាចលនៅកម្ពុជា។ ឯកសារស្តីពី CLV-DTA គឺជារឿងចាស់ មិនមានការលាក់បាំងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះទេ ពីព្រោះព័ត៌មានអំពី CLV មានក្នុងការសែត និងអ៊ីនធឺណែតអស់រយៈពេលជាច្រើនឆ្នាំហើយ។
ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដោយប្រៀបធៀបផលិតផលក្នុងស្រុកសរុប (GDP) រវាងកម្ពុជា ឡាវ និងវៀតណាម ពីឆ្នាំ១៩៩៩-២០២៤ ឃើញថា ប្រជាជនកម្ពុជាមានចំណូលត្រឹមតែ ២៩៦$ ប៉ុណ្ណោះក្នុងម្នាក់នៅឆ្នាំ១៩៩៩ ហើយបានកើនដល់ ២.៣៣៦$ នៅឆ្នាំ២០២៤ ដោយកើនឡើង៧ដង។ ប្រជាជនឡាវមានចំណូល ២៧២$ ក្នុងម្នាក់នៅឆ្នាំ១៩៩៩ ហើយបានកើនដល់១,៩៧៦$ នៅឆ្នាំ២០២៤ ដោយបានកើន៦ដង។ ឯប្រជាជនវៀតណាមមាន ៣៦៧$ នៅឆ្នាំ១៩៩៩ និង៤,៦២៣$ នៅឆ្នាំ២០២៤ ដោយបានកើនឡើងជាង១១ដង ៕