ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញនាំយកអំណោយចែក ជូនពលរដ្ឋក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង
ភ្នំពេញ៖ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញនាំយកចែកចង្ក្រានសន្សំសំចៃថាមពល ធុងចម្រោះទឹកស្អាត ក្រម៉ា និងសាប៊ូលាងសំអាតដៃ ជូនប្រជាពលរដ្ឋចំនួន២៦៥គ្រួសារ មកពីឃុំទាំង៨ ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។
អំណោយដែលយកទៅចែកជូនប្រជាពលរដ្ឋនាពេលនោះ បានមកពីព្រះរាជអំណោយរបស់សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី អំណោយរបស់ក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO។
ក្រៅពីនេះ លោកជំទាវ អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភា បាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ដោយក្នុងមួយគ្រួសារចំនួន២ម៉ឺនរៀល។ ជាមួយគ្នានោះ លោកជំទាវក៏បានឧបត្ថមជូនស្រ្តីមានផ្ទៃពោះចំនួនមួយនាក់ ជនពិការជើងចំនួនមួយនាក់ និងលោកយាយពិការភ្នែកចំនួនមួយនាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល និងមន្រ្តីសាខាកាកបាទក្រហមចំនួន១៥នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល ព្រមទាំងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកញ្ជ្រៀចចំនួន២លានរៀល។
បន្ទាប់មកនារសៀលថ្ងៃដដែល គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចកន្លែងតម្បាញហូល ស្ថិតនៅភូមិព្រែកចង្ក្រានលើ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។