កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជាទៅលើទីផ្សារអន្តរជាតិ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយលោកជំទាវ Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្គាយប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជាទៅលើទីផ្សារអន្តរជាតិ។
ចំពោះ ការ វិនិយោគ នេះទៀត សោត ឯកឧត្តម រដ្ឋមន្ដ្រី លើក ទឹក ចិត្តឱ្យមានការផ្តោតលេីពាណិជ្ជកម្មកសិកម្ម ផ្សាភ្ជាប់នឹងនីតិវិធីច្បាប់ពិនិត្យអនាម័យ និងភូតគាមអនាម័យ។ ឯកឧត្តមរដ្ឋមន្ដ្រីបន្ថែមថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើនដូចជា ប្រភេទឈើហូបផ្លែ និងផលិតផលជលផល ដែលមានគុណភាពល្អ និងមានផលចំនេញ។
មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍដែលជារឿងសំខាន់ ហើយប្រទេសទាំងពីរអាចសហការក្នុងការផ្លាស់ប្តូរបទពិសោធ និងសិក្សាបច្ចេកទេសទៅវិញទៅមក ដើម្បីអភិវឌ្ឍវិស័យកសិកម្មបង្កើនផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕