សម្តេចធិបតី៖ ចាប់ពីឆ្នាំ១៩៩៦-ឆ្នាំ២០២៤ វត្ថុសិល្បៈខ្មែរ ១,០៩៨វត្ថុ ត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ ពីប្រទេសចំនួន១៥
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា រយៈពេល២៨ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈបុរាណខ្មែរចំនួន ១,០៩៨វត្ថុ (ក្នុងនោះ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញ ពីប្រទេសចំនួន១៥ ។
នៅក្នុងឱកាសអញ្ជើញទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង បានអនុញ្ញាតឱ្យកម្ពុជា អាចយកនូវវត្ថុសិល្បៈខ្មែរ មកមាតុប្រទេសវិញជាបន្តបន្ទាប់ នូវសម្បត្តិបេតិកភណ្ឌ សម្បត្តិវប្បធម៌ជាតិ ដែលបានបាត់បង់កន្លងមក តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងប្តឹងផ្តល់គ្នាតាមផ្លូវច្បាប់។ល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បច្ចុប្បន្នកម្ពុជា កំពុងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ពីព្រោះគ្មានវិនាទីណាមួយដែលកូនខ្មែរ អាចបំភ្លេចនូវព្រលឹងដូនតាខ្មែរ និងអត្តសញ្ញាណជាតិខ្លួនឯង បានឡើយ។ គិតចាប់ពីពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែរសរុបចំនួន ១,០៩៨ វត្ថុ (ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន១៥ ដូចជា៖ សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ស្ទ័រវេស និងចិន»។
សម្តេចធិបតីបន្តថា កម្ពុជាកំពុងប្រារព្ធពិធីទទួលស្វាគមន៍នៃការវិលត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌ វប្បធម៌ជាតិសរុបចំនួន ៧០រូប (ក្នុងនោះវត្ថុចំនួន ១៤រូប ដែលបានប្រគល់មកវិញពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និងចំនួន ៥៦រូបទៀត បានប្រគល់មកវិញពីអ្នកប្រមូល សមុច្ច័យឯកជននានានៅសហរដ្ឋអាមេរិក) ដែលសុទ្ធសឹងតែជាវត្ថុបុរាណខ្មែរដ៏ពិចិត្រ ដូចបានដាក់តាំងបង្ហាញនៅទីនេះស្រាប់។
សម្តេចធិបតី បានថ្លែងថា ការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរដ៏ច្រើននេះ គឺជាលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមកិច្ចសហការ និងការជួយជ្រោមជ្រែងទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសតាមរយៈរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក និងការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ ៕