ប្រកាសកែសម្រួលសមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញភារកិច្ចនៅស្ថានីយជញ្ជីងអចល័តវាលរេញ ខេត្តកំពត និងស្ថានីយជញ្ជីងអចល័តក្រសាំង ខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការដ្ឋាន បានដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលសមាសភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បំពេញភារកិច្ចនៅស្ថានីយជញ្ជីងអចល័តវាលរេញ ខេត្តកំពត និងស្ថានីយជញ្ជីងអចល័តក្រសាំង ខេត្តកំពង់ស្ពឺ។
ការកែសម្រួលសមាសភាពមន្រ្តីនៅតាមស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គឺក្នុងគោលបំណងពង្រឹងយន្តការអនុវត្តការងាររបស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីឱ្យមន្ត្រីអាចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីថ្មីៗបន្ថែមទៀត។
ទន្ទឹមនឹងនេះ មន្ត្រីដែលទើបទទួលបានការប្រគល់ភារកិច្ចមកបំពេញការងារនៅស្ថានីយជញ្ជីង ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់បទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អនុវត្តយ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ បង្កើនសាមគ្គីភាព ពង្រឹងវិន័យ និងកិច្ចសហការឱ្យកាន់តែល្អរវាងអង្គភាពចម្រុះ ដែលបំពេញតួនាទីភារកិច្ចក្នុងស្ថានីយជញ្ជីងអចល័ត ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ រួមទាំងសេចក្តីណែនាំលេខ១២២ សណន.លគសអ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការពង្រឹងវិន័យ និងបែបបទអនុវត្តការងាររបស់មន្រ្តីស្ថានីយត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់មន្រ្តីដែលបានកែសម្រួលសមាសភាពថ្មី ក៏ដូចជាមន្រ្តីចាស់ទាំងអស់ ឱ្យខិតខំអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវថ្នល់មុនអាយុកាលកំណត់ ពិសេសត្រូវបញ្ឈប់រាល់សកម្មភាពអសកម្មមួយចំនួនក្នុងទីតាំងស្ថានីយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយស និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ៕