ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា និងជួយផ្សព្វផ្សាយ ទាក់ទាញវិនិយោគិនបរទេសមកបណ្ដាក់ទុនរកស៊ីបន្ថែមទៀត
ភ្នំពេញ៖ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី នាថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយលោក Andrew Peter Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) និងសហការី ស្របពេលដែលក្រុមហ៊ុន គ្រោងនឹងរៀបចំពិធីប្រារព្ធខួប ៣០ឆ្នាំ នៃដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងខែកញ្ញា ខាងមុខនេះ។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមអគ្គលេខាធិការរង បានអបអរសាទរ និងថ្លែងអំណរអរគុណ ចំពោះក្រុមហ៊ុន ហ៊ិននីគែន ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ បន្ទាប់ពីកម្ពុជាបានបើកចំហសេដ្ឋកិច្ចឡើងវិញនាឆ្នាំ១៩៩៣។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើតឱកាសការងារ និងបណ្ដុះបណ្ដាលជំនាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ។
លោក Andrew Peter Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន បានជម្រាបជូនឯកឧត្ដមអគ្គលេខាធិការរង អំពីវឌ្ឍនភាព និងសមិទ្ធផលនានារបស់ក្រុមហ៊ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាពិសេស ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជានិច្ចកាលតែងតែផ្ដល់ការគាំទ្រ និងកិច្ចសម្របសម្រួលគ្រប់បែបយ៉ាងដល់ក្រុមហ៊ុន។ ការណ៍នេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន ហ៊ិននីគែន អាចធ្វើប្រតិបត្តិការអាជីវកម្ម និងឈរជើងនៅកម្ពុជាអស់រយៈកាល ៣០ឆ្នាំកន្លងមកនេះ។
ក្នុងនាមក្រុមហ៊ុន លោក Andrew Peter Hewson ក៏បានប្ដេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនបរទេសមកបន្ថែមទៀត ព្រមទាំងចូលរួមចំណែកជំរុញឧស្សាហកម្មស្រាបៀរកម្ពុជាឱ្យក្លាយជាឧស្សាហកម្មមួយដែលមានការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ដើម្បីបន្តចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។
ឯកឧត្តមអគ្គលេខាធិការរង បានថ្លែងអំណរគុណសារជាថ្មីចំពោះការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់លោកអគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) និងបានជូនពរក្រុមហ៊ុនទទួលបានជោគជ័យក្នុងប្រតិបត្តិការអាជីកម្មរបស់ខ្លួនបន្តទៀត ដើម្បីបង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែប ផងដែរ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគំាទ្រនិងកិច្ចសម្រួលដល់ការវិនិយោគ ៕