អស់ជំនឿនឹងបក្សភ្លើងទៀន! លោក មាស កុល សកម្មជនបក្សប្រឆាំងនៅខេត្តប៉ៃលិន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សកម្មជនរបស់គណបក្សភ្លើងទៀន នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន លោក មាស កុល បានសម្រេចដើរចេញពីបក្សប្រឆាំងមួយនេះ ហើយមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកកសាង និងការអភិវឌ្ឍប្រទេសជាតិ ក្រោមដំបូលសន្តិភាព ដោយយល់ឃើញថា គណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិ បំពុលសង្គម និងតែងតែធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។
លោក មាស កុល បានលើកឡើងបន្តថា៖ ការវិលមករួមជីវភាពនយោបាយរបស់គាត់ គឺមិនមែនមកចុះចូល ឬក្រោមការគៀបសង្កត់ពីនរណានោះទេ ពោលគឺគាត់បានមើលឃើញអំពីការដឹកនាំប្រទេសរបស់គណបក្សប្រជាជន ដែលមានការអភិវឌ្ឍ ហើយបានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕