រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រាប់ពីគន្លឹះជោគជ័យដល់សិស្ស និស្សិតអាហារូបករណ៍
ភ្នំពេញ៖ «ភាពស្មោះត្រង់ គឺជាគន្លឹះតែមួយគត់ ដែលនាំឱ្យរដ្ឋមន្រ្តីក្រសួងបរិស្ថាន ទទួលបានភាពជោគជ័យទាំងក្នុងអាជីពការងារ និងជីវិតគ្រួសារ»។ សារលើកទឹកចិត្តពេញដោយបទពិសោធន៍ជីវិតរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើជូនដោយចំពោះសិស្សនិស្សិតអាហារូបករណ៍ចំនួន៦៦រូប ដែលបានចូលជួបសម្តែងការគួរសម និងសុំមតិណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
ជាមួយនឹងពាក្យគន្លឹះ រួមនឹងការណែនាំនូវបទពិសោធន៍ជាក់ស្តែងក្នុងការសិក្សា នៅក្រៅប្រទេសរបស់ឯកឧត្តមរដ្ឋមន្រ្តី សិស្សនិស្សិតបានប្តេជ្ញាចិត្តយ៉ាងមុតមាំ នឹងនាំមកនូវលទ្ធផលជោគជ័យនៃការសិក្សាមកជូនប្រទេសកម្ពុជាវិញ ទន្ទឹមនឹងនេះដែរ និស្សិតអាហារូបករណ៍នឹងរួមចំណែកផ្សព្វផ្សាយអំពីប្រទេសកម្ពុជាឱ្យបរទេសបានដឹង បានស្គាល់ តាមរយៈភាពភាពស្អាត ភាពបៃតង ដែលក្រសួងបរិស្ថានបានកំពុងអនុវត្តយ៉ាងសកម្ម ស្របតាមយុទ្ធសាស្រ្តចបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។
សូមជម្រាបជូនថា និស្សិតអាហារូបករណ៍ចំនួន ៦៦រូប (ស្រី១៤រូប) ជានិស្សិតអាហារូបករណ៍ Erasmus+ AFD ប្រទេសបារាំង JDS ប្រទេសជប៉ុន និស្សិតអាហារូបករណ៍ប្រទេសកូរ៉េ ប្រទេសចិន និង និស្សិតអាហារូបករណ៍ប្រទេសហុងគ្រី៕