ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ៖ សន្តិភាព ធ្វើឱ្យខេត្តពោធិ៍សាត់ ធ្លាប់តែជាខេត្តក្រីក្រ និងជាខេត្តកាប់សម្លាប់ខ្មែរ និងខ្មែរ ប្រែក្លាយជាខេត្តមានសក្តានុពល និងសម្បូរបែប
ភ្នំពេញ៖ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលពីអតីតកាលខេត្តនេះ គឺជាខេត្តមួយក្នុងចំណោមខេត្ត ខណ្ឌផ្សេងៗទៀតរបស់កម្ពុជា រងគ្រោះដោយសារតែភ្លើងសង្គ្រាមស៉ីវិល និងគ្មានហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តគ្រប់គ្រាន់ជាដើម។ តែក្រោមដំបូលនៃសុខសន្តិភាពពេញលេញរយៈពេលជិត ២៦ឆ្នាំ ពោលគឺនៅចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៤ នៃការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានប្រែក្លាយខេត្តមួយនេះឱ្យស្គាល់ពីភាពរីកចម្រើនស្ទើរគ្រប់វិស័យ។
ជុំវិញការរីកចម្រើនរបស់ខេត្តក្រីក្រមួយនេះ ត្រូវបានឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា ក្រោមដំបូលសុខសន្តិភាព នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យខេត្តពោធិ៍សាត់ ធ្លាប់តែជាខេត្តមួយក្រីក្រ និងជាខេត្តដែលគ្របដណ្តប់ដោយគ្រាប់មីន ជម្លោះខ្មែរ និងខ្មែរ តែរហូតបច្ចុប្បន្ននេះ ត្រូវបានប្រែក្លាយខ្លួនជាខេត្តដែលមានសក្តានុពលធម្មជាតិថ្មីៗ ប្លែកៗ និងសម្បូរបែប រួមទាំងការអភិវឌ្ឍលើវិស័យនានា។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា ប្រជាជនខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេសបានឆ្លងកាត់ដំណាក់កាលជាច្រើន នៅក្នុងពេលកម្ពុជា ត្រូវបានធ្លាក់ចូលនៅថ្ងៃទី១៧ ខែមេសា ១៩៧៥ ក្រោមការដឹកនាំរបស់ខ្មែរក្រហម ហើយឯកឧត្តម ក៏ដូចប្រជាពលរដ្ឋខ្មែរទៀតរស់ក្រោមរបបនេះ និងជាសាក្សីរស់ ឃើញពីទិដ្ឋភាពសោកសង្រែង ប្រាត់ប្រាស់ក្រុមគ្រួសារ សាច់ញាតិ នៅក្នុងរបបខ្មែរក្រហម។
«គ្រួសារខ្ញុំផ្ទាល់ ត្រូវបាត់បង់ សាច់ញាតិជាច្រើននៅក្នុងសម័យ ប៉ុល ពត ដូចប្រជាពលរដ្ឋខ្មែរជាច្រើនលាននាក់ នៅក្នុងប្រទេសកម្ពុជា។ អ៊ឹចឹងនៅពេលដែលយើងរំដោះថ្ងៃ៧ មករា ពោធិ៍សាត់យើងទទេស្អាត គ្មានភ្លើងអគ្គិសនី ផ្លូវភ្ជាប់ទំនាក់ទំនងទៅភ្នំពេញ មានការលំបាក អីឡូវនេះដោយសារផ្លូវល្អ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជិះពីពោធិ៍សាត់ តែ២ម៉ោងទៅដល់ភ្នំពេញ ពីមុនជិះឡានពីពោធិ៍សាត់ ទៅភ្នំពេញ ប្រើពេលជិតមួយថ្ងៃ»។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានរំលឹកថា នៅដំណាក់កាលទសវត្ស៨០ រហូតដល់១៩៩៨ គ្រានោះប្រសិនការបើធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ ដល់ចំណុចពន្លៃ ខេត្តកំពង់ឆ្នាំង គឺចាត់ទុកថាមានជីវិតរស់ហើយ ហើយគ្រានោះមានប្រជាពលរដ្ឋខ្មែរជាច្រើនត្រូវបានខ្មែរក្រហម បាញ់សម្លាប់តាមផ្លូវពេលធ្វើដំណើរទៅភ្នំពេញ។
ជាសាក្សីរស់ និងមានស្រុកកំណើតនៅក្នុងខេត្តពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ក្រោយពីការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨ បានធ្វើឱ្យប្រទេសកម្ពុជា បញ្ចប់សង្គ្រាមស៉ីវិលទាំងស្រុង មានការឯកភាពទឹកដីពេញលេញ ជាលើកទី១ នៅកម្ពុជា ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំ។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងថា បន្ទាប់ចេញពីបាតដៃទទេ និងការគំរាមពីការបាត់បង់ជីវិតគ្រប់ពេល នៅខេត្តពោធិ៍សាត់ ចាប់ផ្តើមអភិវឌ្ឍន៍ កាលខ្ញុំនៅជាកុមារភាព រហូតក្លាយជាកូនសិស្ស និងបន្តមករាជធានីភ្នំពេញ គឺមើលឃើញពីការវិវត្តជាវិជ្ជមានរហូតទៅ យើងឃើញដំបូងអត់មានសន្តិភាព អសន្តិសុខ អីឡូវមានសន្តិសុខទូទាំងប្រទេស ដើរហើរ ទៅណាក៏បានដែរ។
ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ប្រសិនបើគ្មានសន្តិភាពនោះទេ ខេត្តពោធិ៍សាត់ គ្មានភាពរីកចម្រើនដូចសព្វថ្ងៃនេះនោះទេ ខណៈបច្ចុប្បន្ននេះ ខេត្តមានរោងចក្រ សហគ្រាស ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមទាំងគម្រោងអភិវឌ្ឍន៍ជាច្រើនហូរហែរមកបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តពោធិ៍សាត់ ដែលកាលពីមុនជាខេត្តដាច់ស្រយាលមួយ ៕