សក្តានុពលវិនិយោគរបស់កម្ពុជា ជាស្នូលស្រូបទាញការវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inspur Group Co., Ltd. ដែលជាសហគ្រាសរដ្ឋ។
គណៈប្រតិភូដែលដឹកនាំដោយលោក Ray Liu ប្រធានក្រុមហ៊ុន និងជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានធុរកិច្ចក្រៅប្រទេស បានមកជួបពិភាក្សា ក្នុងគោលបំណងស្វែងយល់ពីឱ្យកាន់តែលម្អិតអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក៏ដូចជាពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឌីជីថល (Computing equipment, Software, Cloud computing services, Next-generation communication, Big data and Several application scenarios) ដែលនឹងរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលសំដៅកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចនៃសង្គមឌីជីថលកម្ពុជា។
មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានសម្ដែងការស្វាគមន៍ ប្រកបដោយភាពកក់ក្ដៅដល់គណៈប្រតិភូដែលបានឆ្លៀតពេលវេលាដ៏មម៉ាញឹកមកជួបពិភាក្សាដោយផ្ទាល់ដើម្បីស្វែងយល់ព័ត៌មានបន្ថែមឱ្យកាន់តែច្បាស់ និងចំគោលដៅ។
ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីភាពទាក់ទាញដល់ការធ្វើធុរកិច្ចនៅកម្ពុជាតាមរយៈ កិច្ចសម្រួលវិនិយោគ កញ្ចប់លើកទឹកចិត្ត និងការថែទាំវិនិយោគ ស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ពិនិត្យលទ្ធភាពគាំទ្រដល់ការបន្ស៊ីគ្នានូវគម្រោងសិក្សាស្រាវជ្រាវអភិវឌ្ឍន៍របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ស្របតាមស្មារតីនៃអនុស្សារណៈនៃការយោគយល់គ្នាស្តីពីយន្តការការងារចម្រុះលើការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្មរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។
បន្ថែមពីនេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យគម្រោងខាងលើទទួលបានជោគជ័យប្រកបដោយផ្លែផ្លា ៕