រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជានិងទូតចិនប្រាប់ដល់និស្សិតឱ្យធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់ចំណងមិត្តភាពប្រទេសយើងទាំងពីរ
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នៃប្រទេសកម្ពុជានិងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានប្រាប់ដល់និស្សិតដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិនត្រូវធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ ខណៈដែលចំណងមិត្តភាពនេះត្រូវបានពូនជ្រុំតាំងពីថ្នាក់ដឹកនាំមុនៗរហូតមកដល់បច្ចុប្បន្ន។
ថ្លែងក្នុងពិធីអរសាទរឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន2024 និងជូនដំណើរនិស្សិតអាហារូបករណ៍កម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន កាលពីល្ងាចថ្ងៃទី 23 ខែសីហាឆ្នាំ 2024នៅសណ្ឋាគារសុខាភ្នំពេញឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា និស្សិតកម្ពុជាដែលទៅសិក្សានៅប្រទេសចិន មិនត្រឹមតែបានសិក្សាជំនាញប៉ុណ្ណោះទេ តែអាចស្វែងយល់ស៊ីជម្រៅវប្បធម៌ និងការរស់នៅរបស់ប្រជាជនចិនក្នុងយុគសម័យថ្មីផងដែរ។
សំឡេង៖ «ខ្ញុំសូមផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ធ្វើជានិស្សិតល្អ គោរពច្បាប់ និងវិន័យសាលាចេះសាមគ្គីគ្នា ចេះបង្កើតមិត្តភាពជាមួយនិស្សិតមកពីបណ្តាប្រទេសដទៃ ដើម្បីលើកស្ទួយកិត្តិយសដល់សាលារបស់ខ្លួន នាំមកនូវមោទនភាពជូនគ្រួសារ និងប្រទេសជាតិ ក្លាយជាធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ជាតិ ជាពិសេសជាសសរទ្រូងដ៏រឹងមាំសម្រាប់ពង្រឹងចំណងមិត្តភាពកម្ពុជា-ចិនឱ្យគង់វង្សឋិតថេរជាអមតៈ។ »
នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានអបអរសាទរដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅសិក្សាប្រទេសចិន ដើម្បីទទួលបានចំណេះដឹងថ្មីៗបទពិសោធន៍យកមកចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ។ មិនត្រឹមតែប៉ុណ្ណោះទេ និស្សិតដែលទៅរៀនប្រទេសចិននេះ នឹងក្លាយជាអ្នកបន្តវេនពូនជ្រុំចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងកាន់ឱ្យកាន់តែរឹងមាំថែមទៀត ព្រោះបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរបានសម្រេចបានជាមិត្តដែកថែបមិនអាចបំបែកបាន។ ទំនាក់ទំនងប្រទេសកម្ពុជា និងចិនបានឈានដល់ដំណាក់កាលថ្មីមួយក្នុងការកសាងសហគមន៍វាសនារួម ដែលមាន គុណភាពខ្ពស់ ស្ដង់ដារខ្ពស់ និងកម្រិតខ្ពស់។ ជាមួយគ្នានេះ រដ្ឋាភិបាលចិន នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យបានទៅសិក្សានៅប្រទេសចិនឱ្យបានច្រើនបន្ថែមទៀត។
ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនអាណត្តិទី៨និងនិស្សិតកម្ពុជាដែលប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិនបានបង្ហាញការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាបានទៅបន្តការសិក្សានៅប្រទេសចិនទាំងថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាដើម។
ក្រុមនិស្សិតបានប្តេជ្ញាខិតខំរៀនសូត្រឱ្យទទួលបានជោគជ័យ ដើម្បីជាកិត្តិយសជាតិ ហើយសន្យាយកចំណេះជំនាញទាំងអស់នោះមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនៅថ្ងៃអនាគត។
លោក អ៊ុំវុទ្ធទីស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមនិស្សិតកម្ពុជាប្រចាំនៅប្រទេសចិនហៅកាត់ថា ស.ន.ក.ច បានឱ្យដឹងថា មានរយៈពេល១២ឆ្នាំមកហើយ ដែលសមាគមនិស្សិតកម្ពុជា ប្រចាំប្រទេសចិន បានជួយទៅដល់សិស្សានុសិស្សចំនួន ១២០០នាក់ ទៅសិក្សានៅប្រទេសចិន រួមមាន២៦ខេត្តនិងក្រុង ។ ចំណោមសិស្ស-និស្សិតចំនួន១៧៤នាក់ នៅក្នុងកម្មវិធីនេះ មានចំនួន ១៤៨នាក់ ដែលទទួលបានអាហារូបករណ៍ ចេញទៅសិក្សានៅប្រទេសចិន ក្នុងពេលដ៏ខ្លីខាងមុខ៕