ឯកឧត្តម ច័ន្ទ សុផល នាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនពលរដ្ឋមានជីវភាពខ្វះខាត ៦០គ្រួសារ និងអ្នកថែសួនក្នុងក្រុង ១៥គ្រួសារ
ភ្នំពេញ៖ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោកជំទាវ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ច័ន្ទ សុផល និងអាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ និងអ្នកថែសួនក្នុងក្រុង ១៥គ្រួសារ សរុប៧៥គ្រួសារ ក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ អំណោយដែលបានផ្ដល់ជូន រួមមាន៖ អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ កន្សែងពោះគោ១ ទឹកសុទ្ធ២យួរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនពលរដ្ឋអំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចក្រឡាហោម ស ខេង, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងប្រសាសន៍ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានគាំទ្រទាំងស្រុងការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងការរក្សាសុខសន្តិភាព។
ឯកឧត្តម បន្តថា សម្តេចក្រឡាហោម ស ខេង ក្នុងនាមប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង សម្តេចបានផ្តាំផ្ញើឲ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេនវ័យក្មេង ដែលប្រកបដោយបញ្ញាញាណ គុណធម៌ ចរិយាធម៌ប្រពៃ ព្រមទាំងមានចក្ខុវិស័យច្បាស់លាស់។ សម្តេចក្រឡាហោម ក៏បានផ្តាំផ្ញើបន្ថែមសូមឲ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អប់រំណែនាំឲ្យកូនចៅចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងពន្យល់បងប្អូនប្រជាពលរដ្ឋអ្វីទៅជា CLV-DTA? សូមឲ្យគាំទ្រគោលនយោបាយនេះ ដើម្បីការអភិវឌ្ឍ ការការពារបូរណភាពទឹកដី និងសូមកុំឲ្យជឿការបំភ្លៃ ការអុចអាលបំបែកបំបាក់។
ឯកឧត្តម ខាន់ ម៉ាណេរ ក៏បានជម្រាបជូនពីសមិទ្ធផលយ៉ាងច្រើនដែលទទួលបានក្នុងរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមគោលនយោបាយបញ្ចកោណដំណាក់ទី១៕