ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យគម្រោងថែទាំខួប និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាលោកអនុប្រធាននាយកដា្ននធារាសាស្ត្រកសិកម្ម និងលោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះពិនិត្យគម្រោងការងារថែទាំជាប្រចាំ និងគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានអញ្ជើញចុះពិនិត្យការងារចំនួនពីរគឺ៖ ទី១).គម្រោងថែទាំខួប និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តលំហាចដែលរួមមាន៖ ការជួសជុលទំនប់១ខ្សែប្រវែងសរុប ១៣០០ម៉ែត្រ ក្នុងនោះបានចាក់បេតុងការពារជើងទេរប្រវែង ១៥០ម៉ែត្រ ថែទាំប្រឡាយមេបេតុងចំនួន ១ខ្សែសរុបប្រវែង ១៦ ៣៩៦ម៉ែត្រ ប្រឡាយរងបេតុងចំនួន ៦ខ្សែសរុបប្រវែង ៣២២៩១ម៉ែត្រ ប្រឡាយរងដីចំនួន ១ខ្សែប្រវែង ៨៤១ម៉ែត្រ និងថែទាំសំណង់សិល្បការ្យសរុបចំនួន ២៥៥កន្លែង និងទី២).គម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តអាចាង ដែលរួមមាន៖ ការងារថែទាំប្រឡាយមេបេតុងចំនួន ១ខ្សែសរុបប្រវែង ១៧១០៨ម៉ែត្រ ប្រឡាយរងបេតុងចំនួន ១ខ្សែសរុបប្រវែង ៣៥០៣ម៉ែត្រប្រឡាយរងដីចំនួន ១០ខ្សែសរុបប្រវែង ៤២៩០៨ម៉ែត្រ និងថែទាំសំណង់សិល្បការ្យសរុបចំនួន ១០៧កន្លែង។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រលំហាចលាតសន្ធឹងនៅផ្នែកខាងត្បូង តាមបណ្តោយស្ទឹងបរិបូណ៍ មានសក្ដានុពលស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៥០៨៣ហិកតា ស្រូវប្រាំង ១៥៥៥ហិកតា និងដំណាំរួមផ្សំមួយចំនួនជូនប្រជាពលរដ្ឋចំនួន ១៣៣៤គ្រួសារ ក្នុងឃុំចំនួន៤ នៃស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ដោយឡែក ប្រព័ន្ធធារាសាស្រ្តអាចាងលាតសន្ធឹងផ្នែកខាងជើងតាមបណ្តោយស្ទឹងបរិបូណ៍ មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ១០៣០០ហិកតា ស្រូវប្រាំងចំនួន ៥១៥០ហិកតា និងដំណាំរួមផ្សំមួយចំនួនជូនប្រជាពលរដ្ឋចំនួន ៦៩៧៩គ្រួសារ ក្នុងឃុំចំនួន១០ ក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់លើសោភ័ណភាព និងគុណភាព ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមបន្តការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់បានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយមេនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋ ៕