ឯកឧត្តម ហ៊ុន ម៉ានី៖ បុព្វហេតុមួយរបស់ស.ស.យ.ក. គឺការគៀគរ មនុស្សមករួបរួមគ្នា ដើម្បីសម្រេចគោលដៅ និងបុព្វហេតុរួម តាមរយៈការបន្តស្មារតី ២ ធ្នូ
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើក សិក្ខាសាលាផ្សព្វផ្សាយ “ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)” ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា បុព្វហេតុមួយរបស់ស.ស.យ.ក. គឺការគៀគរ មនុស្សមករួបរួមគ្នា ដើម្បីសម្រេចគោលដៅ និងបុព្វហេតុរួម តាមរយៈការបន្តស្មារតី ២ ធ្នូ ចូលរួមថែរក្សានូវសមិទ្ធផលទាំងឡាយ ដែលបានមកពីការលះបង់របស់ថ្នាក់ដឹកនាំ ព្រមទាំងឥស្សរជនជំនាន់មុន ដែលបានដាក់អាយុជីវិតជាដើមទុន ក្នុងការស្វែងរកសុខសន្តិភាព និងសុភមង្គលជូនជាតិមាតុភូមិ។
ឯកឧត្តមបន្តថា វីធីសាស្រ្តនៃការសម្រេចបុព្វហេតុមានការផ្លាស់ប្តូរតាមបរិបទសង្គម។ ជាក់ស្តែងកាលពីអតីតកាល សមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចូលរួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍។ ដោយឡែក បច្ចុប្បន្ននេះ ក្នុងនាមជាអង្គការសមាគមដែលបានបន្តបេសកកម្មពីសមាគមយុវជនសាមគ្គីសង្រ្គោះជាតិកម្ពុជា ស.ស.យ.ក. ត្រូវរៀនសូត្រពីប្រវត្តិសាស្រ្ត និងសិក្សាពីបរិបទបច្ចុប្បន្នដើម្បីជាមេរៀនឆ្ពោះទៅកាន់អនាគត។
ក្នុងន័យនេះ ការរៀបចំឯកសារទស្សនទានស.ស.យ.ក. ២.០ គឺជាវិធីសាស្រ្តនៃការពង្រឹងបន្ថែមដើម្បីសម្រេចបានបុព្វហេតុរបស់ខ្លួន តាមរយៈ៖ មួយការពង្រឹងរចនាសម្ព័ន្ធ ពីរការសម្រួចខ្លឹមសារ និងបីការប្រើប្រាស់យុទ្ធសាស្រ្តផ្សព្វផ្សាយ ដើម្បីគៀគរយុវជន យុវនារី ឱ្យចូលរួមជាមួយស.ស.យ.ក. ក្នុងគោលបំណងសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្ត យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨។
ឯកឧត្តមក៏បានគូសបញ្ជាក់ថា សិក្ខាសិលានេះ នឹងផ្តល់ជាចំណេះដឹងដល់សមាជិក សមាជិកា និងជាការបំផុសស្មារតី មនសិការ និងការជឿជាក់លើកម្ពុជាតាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនតទៅមុនបន្ថែមទៀត៕