រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូក្រសួងចូលរួមចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ តាមរយៈផ្លូវទឹក
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោតាមរយៈផ្លូវទឹក ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
សូមជម្រាបថា ការចុះពិនិត្យទីតាំងនាពេលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ចុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ក្រោមការដឹកនាំ និងការពន្យល់បន្ថែមពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីស្ថានភាពភូមិសាស្ត្រ បានចេញដំណើរពីព្រែកតាហ៊ីងទៅទីរួមស្រុកអង្គរបូរីខេត្តតាកែវ តាមរយៈព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី និងស្ទឹងអូរកែវរហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម រួចត្រលប់មកទីរួមស្រុកអង្គរបូរីបន្តដំណើរទៅទីរួមខេត្តតាកែវតាមប្រឡាយ១៥ ដែលជាកំណាត់ផ្លូវទឹកព្រែកជីកហ្វូណនតេជោ និងបានចុះពិនិត្យទីតាំងគ្រោងសាងសង់ទ្វារទឹកនាវាចរណ៍ត្រង់ទំនប់អូរតុំ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប បានសម្ពោធបើកការដ្ឋានសាងសង់កាលពីវេលាម៉ោង៩៖០៩នាទីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ដោយមានការចូលរួមគាំទ្រ និងអបអរសាទរយ៉ាងក្លៀវក្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សិស្សានុសិស្ស មន្ត្រីរាជការ អាជីវករ ព្រមទាំងព្រះសង្ឃនៅតាមវត្តអារាម ទូទាំងប្រទេសកម្ពុជា ៕