កម្ពុជា-ចិន ផ្លាស់ប្តូរបទពិសោធន៍លើការងារផ្សព្វផ្សាយ និងការងារសាធារណមតិរបស់មហាជន ដែលកំពុងមានឥទ្ធិពល តាមរយៈការប្រើបណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ
ភ្នំពេញ៖ បេសកកម្មរបស់ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈចិន្ត្រៃយនៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សម្រាប់ទស្សកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន បានប្រព្រឹត្តទៅផ្តើមចេញពីជំនួបទ្វេភាគីជាមួយឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីស្តចិន នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញសេចក្តីសោមនស្សរីករាយ ក្នុងឱកាសនៃការជួបគ្នាជាថ្មីម្តងទៀត បន្ទាប់ពីបានជួបគ្នាម្តងនៅក្នុងពេលដែលឯកឧត្តម លី ស៊ូឡី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាមកាលពីដើមឆ្នាំ២០២៤ កន្លងទៅនេះ។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារផ្សព្វផ្សាយ និងការងារសាធារណមតិរបស់មហាជន ដែលបាន និងកំពុងមានឥទ្ធិពល តាមរយៈការប្រើប្រាស់បណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ។
ជាមួយគ្នានេះ ដោយមានការយល់ច្បាស់ពីតួនាទីនៃក្រសួងឃោសការ ក៏ដូចជាកិច្ចសហប្រតិបត្តិការកន្លងមកក្នុងក្របខណ្ឌគណបក្ស និងគណបក្ស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចពីភាពប្រទាក់ក្រឡានៃកិច្ចការងារសាធារណមតិ និងការងារមហាជន ដែលគណៈចលនាមហាជន បាន និងកំពុងតាមដាន និងក្តាប់ស្ថានភាពជាប់ជាប្រចាំ ហើយព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការបន្តពិភាក្សា ដកស្រង់បទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមករវាងភាគីទាំងពីរ លើវិធីសាស្ត្រ និងយន្តការដើម្បីអនុវត្តកិច្ចការងារមហាជន និងសាធារណមតិ នេះឲ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបជូនថា តាមរយៈជំនួបនាពេលនេះ ក៏នឹងរួមចំណែកពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា ចិន អោយកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត ៕