មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយប្រតិភូជាន់ខ្ពស់ នៃមូលនិធិ GX Foundation អំពីគម្រោងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសុខាភិបាល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម LEUNG Chun Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធាន គណៈកម្មាធិការជាតិប្រឹក្សានយោបាយប្រជាជនចិន និងគណៈប្រតិភូ អំពីគម្រោងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់មូលនិធិ GX Foundation នៅក្នុងការគាំទ្រវិស័យសុខាភិបាលកម្ពុជានាពេលកន្លងមក ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។ ជាពិសេសការរួមចំណែកនៅក្នុងគម្រោងថ្មីបន្ថែមទៀត អំពីការប្រយុទ្ធនឹងជំងឺគ្រុនឈាម របស់មូលនិធិ GX Foundation សម្រាប់ការជួយដល់សេវាសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសជំនួបនេះ ឯកឧត្តមប្រធានមូលនិធិ GX Foundation បានជម្រាប លោកជំទាវរដ្ឋលេខាធិការ អំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិ GX Foundation ជាមួយក្រសួងសុខាភិបាលនាពេលកន្លងមក។ ក្នុងនោះមូលនិធិ បានចុះនូវអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ដើម្បីសហការទៅលើគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ។
ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍គ្នាដែលបានអនុវត្តកន្លងមកនៅតាមបណ្តាប្រទេសផ្សេងៗ។ ការផ្តោតលើការយកចិត្តទុកដាក់ ការផ្តល់ឧបករណ៍ និងសម្ភារៈមួយចំនួន ដូចជា តេស្តរហ័សសម្រាប់រកមេរោគគ្រុនឈាម ឧបករណ៍អគ្គិសនីចាប់មូស ក្រដាស់ស្អិតចាប់មូស មុងគ្រែ និងសម្ភារៈសម្រាប់អប់រំសិក្សាសុខភាព ដើម្បីឈានទៅធ្វើការអនុវត្តឱ្យមានប្រសិទ្ធភាពមុននឹងពង្រីកការអនុវត្តទ្រង់ទ្រាយធំនាពេលអនាគត។
បន្ទាប់មក លោកជំទាវរដ្ឋលេខាធិការ បានផ្តោតការចាប់អារម្មណ៍ទៅលើឧបករណ៍ទាំងនេះដោយយល់ឃើញថា មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងជំងឺគ្រុនឈាមនាពេលអនាគត។ ភាគទាំងពីរបានឯកភាពគ្នាឈានទៅធ្វើការពិភាក្សាផ្នែកបច្ចេកទេសលម្អិត និងកសាងផែនការសកម្មភាពលម្អិតរួមគ្នា ដើម្បីអនុវត្តគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាព។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីឧបករណ៍ ដែលធ្លាប់ប្រើប្រាស់ក្នុងបណ្តាប្រទេសក្នុងភូមិភាគអាស៊ីអគ្នេយ៍ ដូចជា ការបាញ់ថ្នាំមូស ការដាក់ថ្នាំបាណកឃាដ និង ការដាក់អន្ទាក់ចាប់សត្វមូសជាដើម។ បន្ថែមលើសនេះទៀត លទ្ធផលនៅពេលចុងបញ្ចប់នៃគម្រោងនឹងត្រូវបានវិភាគវាស់វែងវាយតំលៃលម្អិតដោយយោងលើអនុស្សរណៈយោគយល់គ្នាលើការអនុវត្តគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាមនៅខេត្តកំពង់ស្ពឺឱ្យមានប្រសិទ្ធភាព។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមូលនិធិ GX Foundation ក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលនៅកម្ពុជានាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ សម្រាប់គម្រោងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់មូលនិធិ GX Foundation បន្តការពង្រឹងនូវកិច្ចសហប្រតិបត្តិការទៅលើកគម្រោងថ្មីនេះ ជាមួយនឹងក្រសួងសុខាភិបាលបន្ថែមទៀត ដើម្បីកំណត់នូវបណ្តាខេត្តគោលដៅថ្មីៗ សម្រាប់កម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនេះ៕