រដ្ឋមន្ត្រីអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការពង្រីកការអនុវត្តម៉ូដែលសាលារបស់ គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ នៅតាមសាលាបឋមសិក្សា
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពង្រីកការអនុវត្តម៉ូដែលសាលារបស់ គណ:កម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅតាមសាលាបឋមសិក្សា ដោយមានការចូលរួម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
គួរបញ្ជាក់ថា គណ:កម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ(គ.វ.អ.) គឺត្រូវបានបង្កើតឡើងដោយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងនិងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ។ (គ.វ.អ.) ក៏មានលេខាធិការដ្ឋានផងដែរ ដែលដើរតួនាទីជាសេនាធិការ ដើម្បីជួយគាំទ្រដល់ការលើកកម្ពស់អប់រំ តាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អកម្មវិធីសិក្សា ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ ក្នុងការយកចិត្តទុកដាក់ទៅលើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ ការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតាអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ។
ដើម្បីឱ្យការពង្រីកការអនុវត្តម៉ូដែលសាលារបស់ គណ:កម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅតាមសាលាបឋមសិក្សា ប្រព្រឹត្តទៅបានរលូន ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ឱ្យក្រុមការងារពាក់ព័ន្ធ រៀបចំកិច្ចប្រជុំ ពិភាក្សារៀបចំគម្រោង និងសម្រេចយន្តការឱ្យបានច្បាស់លាស់ ដើម្បីអនុវត្តគម្រោងបន្ត មានយន្តការត្រួតពិនិត្យ ឬកម្មវិធីត្រឹមត្រូវ ដើម្បីពិនិត្យតាមដានការរៀន និងការបង្រៀន ការវាយតម្លៃ ក៏ដូចជារៀបចំរបាយការណ៍បញ្ជាក់ជាប្រចាំ រៀបចំផែនការធ្វើអធិការកិច្ចតាមសាលាគោលដៅ ដោយត្រូវផ្តោតលើអំណានដំបូង និងគណិតដំបូង កម្មវិធីក្រៅម៉ោងសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ត្រូវមានគ្រូបង្គោលតាមសាលាគោលដៅ ត្រៀមរៀបចំសំណួរសង្ខេបសួរអាណាព្យាបាលសិស្សនៅពេលចុះធ្វើអធិការកិច្ចសាលា ដើម្បីរំលេចកត្តាពាក់ព័ន្ធនឹងគុណភាពអប់រំ ដែលបានជួយគាំទ្រការរៀននិងបង្រៀនរួមមាន៖ (១).កត្តាសាលារៀន (២). កត្តាគ្រូបង្រៀន (៣). កត្តាសិស្ស និង (៤). កត្តាមាតាបិតា អ្នកអាណាព្យាបាល ពិនិត្យលើបញ្ហាលើសខ្វះគ្រូ មានជំហររួម និងធ្វើឯកសារទស្សនៈទាន បន្តកិច្ចសហការ និងជជែកវែកញែក ដើម្បីអនុវត្តគម្រោងបន្ត និងសម្រេចនូវការពង្រីកការអនុវត្តម៉ូដែលសាលារៀនរបស់ (គ.វ.អ) នេះ៕