ឯកឧត្ដម យឹម សុខុម និងឯកឧត្ដម ជាម ច័ន្ទសោភ័ណ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១២.៧៧៤ក្បាលដី ជូនពលរដ្ឋចំនួន១៣ភូមិ ក្នុងស្រុកបសេដ្ឋ
ភ្នំពេញ៖ ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន១៣ភូមិ ស្ថិតក្នុងឃុំបសេដ្ឋ និងឃុំព្រះខែ ដែលបានរៀបចំ ដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ ។
ពិធីនេះប្រារព្ធនៅបរិវេណវត្ត បសេដ្ឋចាស ដោយមានការចូលរួមពី កងកម្លាំងទាំងបី អាជ្ញាធរ ខេត្ត ស្រុក លោកប្រធានមន្ទីរ រៀបចំដែនដីសំណង់ និង សូរិយោដីខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណជា១២០០នាក់។
ឯកឧត្ដម ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ អនុវត្តតាមនីតិវិធី ដែលបានកំណត់ ដោយច្បាប់ និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿន លើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធិភាព លើការគ្រប់គ្រងដីធ្លី នេះជាការសមស្របបំផុ តដែលបានកំណត់នៅ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយដល់ ការអភិវឌ្ឍន៍របស់ប្រទេសជាតិ ជាប្រយោជន៍ ប្រជាពលរដ្ឋជាម្ចាស់ដីផង គឺ រដ្ឋគ្រប់គ្រងដីធ្លីបានទាំងដីរដ្ឋ និងដីឯកជន ។
ឯកឧត្ដមបានបន្តថា ការណ៍នេះធ្វើឱ្យរដ្ឋមានការងាយស្រួល ក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគ ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្ករបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ អាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ និងអាជីវកម្មផងដែរ៕