អភិបាលខេត្តកែប ចែកកូនឈើ៥ពាន់ដើម ដល់សាលាបច្ចេកទេស ដុន បូស្កូខេត្តកែប
ភ្នំពេញ៖ កន្លងទៅកូនឈើប្រណិត និងកូនដើមក្ងោកជាដើម ត្រូវបានអាជ្ញាធរខេត្តកែប ក៏ដូចជាមន្ទីរជំនាញ បានដាក់ដាំនៅទូទាំងខេត្តកែប តាមរយៈការបំផុសចលនាមហាជនគ្រប់ស្រទាប់វណ្ណៈអោយចូលរួម។ យ៉ាងណាមិញ កូនឈើប្រណិតប្រមាណ៥,០០០ដើមទៀត ត្រូវបានរដ្ឋបាលខេត្តកែប ចែកជួនដល់សិក្សានុសិស្ស នៃសាលាបច្ចេកទេស ដុន បូស្កូខេត្តកែប យកទៅដាំបន្ថែមទៀតដើម្បីបង្កើនភាពបៃតងនៅបរិវេណសាលា ក្នុងការលើកម្ពស់សោភណ្ឌភាពក្រុងទាំងមូល។
ពិធីចែកកូនឈើ៥,០០០ដើមនេះ បានប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងបានការចូលរួមពីបណ្តាមន្ទីរ អង្គភាព ពាក់ព័ន្ធលោកគ្រូ អ្នកគ្រូ និស្សិតសាលាបច្ចេកទេស ដុន បូស្កូ ខេត្តកែបផងដែរ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា សកម្មភាពទាំងនេះ ជាការឆ្លុះបញ្ចាំងអោយឃើញនូវការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំយ៉ាងសកម្មនូវគោលនយោបាយ ដាំ និងថែទាំព្រៃឈើឡើងវិញនៅទូទាំងប្រទេស ហើយបានកំណត់យកបញ្ហាព្រៃឈើជាអាទិភាព ដើម្បីស្តារ និងអភិវឌ្ឍប្រទេសជាតិអោយរីកចំរើន។ ដោយឡែកខេត្តកែបការបន្តចែកកូនឈើទាំងនេះ គឺជាសកម្មភាពយ៉ាងសំខាន់បំផុត និងជាចក្ខុវិស័យរបស់ខេត្ត ដើម្បីធ្វើអោយខេត្តកែប ជាក្រុងធម្មជាតិ និងជាគោលដៅទេសចរណ៍បៃតងជាដើម។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តកែប បានយកចិត្តទុកដាក់លើការពង្រីកភាពបៃតង ដោយផ្តោតលើការពង្រឹងចលនាដាំដើមឈើតាមរយៈការបំផុសឱ្យមានការដាំដើមឈើនៅក្នុង មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សាលារៀន តាមលំនៅដ្ឋាន ដើម្បីជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។
គួបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដាំកូនឈើ១លានដើម ក្នុងមួយឆ្នាំ ដោយបានចូលរួមបណ្តុះកូនឈើ ចែកជូនកូនឈើ កំណត់ផ្ទៃដីដាំកូនឈើ និងចូលរួមដាំកូនឈើ ដើម្បីឱ្យប្រទេសកម្ពុជាមានគម្របព្រៃឈើ៦០% នៃផ្ទៃដីទូទាំងប្រទេសនៅឆ្នាំ២០៥០ ៕