អភិបាលខេត្តព្រះសីហនុ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាសម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភជូនកម្មករ កម្មការិនី គ្រោះថ្នាក់ចរាចេណ៍នៅស្រុកកំពង់សិលា
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខកម្មករ កម្មការិនីបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជេជាំង បានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកទំនិញមួយគ្រឿងទម្ងន់ ៥តោន ជាមួយនឹងរថយន្តដឹកកម្មករចំនួន ២៥នាក់ គ្រោះថ្នាក់នេះក្នុងទិសដៅបញ្ច្រាស់គ្នា នៅមុខវត្តកំពង់សិលា ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ បណ្តាលឱ្យមនុស្សចំនួន ២នាក់ បានស្លាប់ក្នុង ហេតុកាណ៍នេះ និងរងរបួសស្រាល និងធ្ងន់សរុបចំនួន ២៤នាក់ផ្សេងទៀត ក្នុងនោះជន រងគ្រោះបានស្លាប់ គឺអ្នកបើកបររថយន្តដឹកកម្មករចំនួន ០១នាក់ និងកម្មករស្រីចំនួន ០១នាក់ ហើយកម្មករ ២៥នាក់ សុទ្ធសឹងជាអ្នករស់នៅក្នុងស្រុកកំពង់សិលា ខេត្តព្រះ សីហនុ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងជនរងគ្រោះទាំងអស់ និងសូមជូនពរឱ្យបងប្អូនកម្មករ់ទាំងអស់គ្នាឆាប់ជាសះស្បើយ ទន្ទឹមនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថិវកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ជនរងគ្រោះ ដែលកំពុង សម្រាលព្យាបាលនៅមណ្ឌលសុខភាពស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន ៥នាក់ មន្ទីរពេទ្យខេត្តកំពង់ស្ពី ១១នាក់ ចំណែកអ្នករងរបួសធ្ងន់បន្តបញ្ជូន ទៅព្យាបាល នៅមន្ទីរពេទ្យតេជោ សន្តិភាព និងមន្ទីរពេទ្យ ព្រះកុសម (ពេទ្យលោកសង្ឃ) នៅរាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការសំណូមពរដល់ក្រុមគ្រូពេទ្យត្រូវ យកចិត្តទុកដាក់ជួយពិនិត្យ ព្យាបាលជូនបងប្អូនកម្មករ កម្មការិនីរបស់យើងឱ្យអស់ពីលទ្ធភាព ដើម្បីបានឆាប់ជាសះ ស្បើយបានត្រឡប់ទៅបំពេញការងាររបស់ពួកគាត់វិញ។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ទាំងពីរនាក់ ក្នុងម្នាក់ចំនួន ១លានរៀល ចំណែកអ្នករងរបួសស្រាល ០៥នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងអ្នករងរបួសធ្ងន់ ១៩នាក់ ក្នុងម្នាក់ ២០ម៉ឺនរៀល ៕