អ៊ុយក្រែន ទាមទាររឹបអូសការតាំងទីលំនៅចំនួន១០០ នៅរុស្ស៊ី
បរទេស៖ កងទ័ពអ៊ុយក្រែនបានរឹបអូសយកការតាំងទីលំនៅចំនួន១០០ នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីពួកគេបានវាយលុកចូលទៅក្នុងព្រំដែនជាប់តំបន់ Kursk របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី៦ ខែសីហា នេះបើតាមសម្តីលោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃអង្គារ។
លោក Syrsky ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា យើងបន្តឆ្ពោះទៅមុខ ដោយធ្វើឱ្យមានការខាតបង់យ៉ាងសំខាន់លើកងទ័ពរុស្ស៊ី ផ្នែកកម្លាំងមនុស្ស និងឧបករណ៍។
យោងតាមលោក Syrsky ប្រទេសរុស្ស៊ីបានដាក់ពង្រាយឡើងវិញនូវកងទ័ពប្រហែល ៣០,០០០នាក់ពីតំបន់ផ្សេងទៀតទៅកាន់តំបន់ Kursk ហើយឥឡូវនេះកំពុងព្យាយាមបង្កើតសង្វៀនការពារនៅជុំវិញកងកម្លាំងអ៊ុយក្រែន។
ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា កងកម្លាំងពិសេស Akhmat របស់ខ្លួនបានធ្វើប្រតិបត្តិការឈ្លបយកការណ៍ដោយធានាបាននូវកម្ពស់បញ្ជាការនៅក្នុងស្រុក Sudzha ក្នុងតំបន់ Kursk ដែលពីមុនកាន់កាប់ដោយអ៊ុយក្រែន។
កម្ពស់នេះស្ថិតនៅចម្ងាយ ៤០០-៥០០ម៉ែត្រពីទីតាំងជួរមុខរបស់អ៊ុយក្រែន។ TASS បានរាយការណ៍ដោយដកស្រង់ប្រភពនៅកន្លែងកើតហេតុ។