ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងប្រគល់ម៉ូតូចំនួន ៨គ្រឿង ជូនថ្នាក់ដឹកនាំគណបក្សនៅតាមបណ្តាខេត្តសម្រាប់បម្រើការងារគណបក្ស
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ និងទទួលម៉ូតូ ជូនដល់ថ្នាក់ដឹកនាំគណបក្ស នៅតាមបណ្តាខេត្តដែលជាតំបន់ដាច់ស្រយ៉ាល ចំនួន ៨គ្រឿង សម្រាប់ទុកជាមធ្យោបាយធ្វើដំណើរបម្រើការងារគណបក្ស។
ពិធីប្រគល់ និងទទួលម៉ូតូ នេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច រាជធានីភ្នំពេញ។
នៅក្នុងឱកាស ពិធីប្រគល់ និងទទួលម៉ូតូនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានព្រះបន្ទូល ណែនាំដល់ថ្នាក់ដឹកនាំមកពីតាមបណ្តាខេត្តចំនួន ៨ ដែលទទួលម៉ូតូនេះ គឺត្រូវខិតខំប្រឹងប្រែងបន្ថែមធ្វើយ៉ាងណាបំពេញការងារបម្រើគណបក្សឲ្យបានខ្លាំងជាងមុន ប្រកបដោយក្តីមោះមុត ពុះពាររាល់គ្រប់កាលៈទេសៈ និងរាល់គ្រប់ឧបសគ្គ ដើម្បីនាំសមទ្ធិផលការងារជោគជ័យ ជូនគណបក្សនាពេលអនាគតបន្តទៀត៕