នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនក្រុមគ្រួសារសពអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដែលបានពលីក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារនៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាន នគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ។
សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានខ្លឹមសារដូចខាងក្រោម៖
«យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ មានក្តីរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ។
មរណភាពរបស់លោកអនុសេនីយ៍ត្រី សៅ រក្សា គឺជាការបាត់បង់នូវកូនជាទីស្រលាញ់ ប្រកប ដោយព្រហ្មវិហារធម៌ ជាសសរទ្រូងនៃគ្រួសារ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ ដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន រហូតអវសាននៃជីវិតដើម្បី ចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសម្តែង នូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យ ព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ត្រី សៅ រក្សា សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវការចូលរួម រំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា» ៕