ឯកឧត្ដម មាន សទិ៖ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ នឹងធ្វើឡើងចាប់ពីថ្ងៃទី១-១៦ ខែកញ្ញា នៅតាមសាលាឃុំ សង្កាត់
ភ្នំពេញ៖ ឯកឧត្ដម មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ មានរយៈពេល ១៦ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះឯកឧត្ដម បានមានប្រសាសន៍ថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ក្នុងឆ្នាំនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មិនបានបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។ ក្នុងករណីមានការប្រែប្រួលប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។
ឯកឧត្ដមបានបន្តថា នៅក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈកម្មវិធីទូរសព្ទដៃ (App) NEC KH។ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) ហើយដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។
ជាមួយគ្នានេះដែរឯកឧត្ដមបញ្ជាក់ថា ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋខ្មែរត្រូវទៅជួបដោយផ្ទាល់ជាមួយក្រុមចុះ-ឈ្មោះបោះឆ្នោត ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅបង្ហាញដល់ប្រធានក្រុមចុះឈ្មោះបោះឆ្នោត៖
-បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរស្ថិតនៅក្នុងឃុំ សង្កាត់ ដែលប្រជាពលរដ្ឋកំពុងរស់នៅ និងសុំចុះឈ្មោះ នោះក្រុមចុះឈ្មោះបោះឆ្នោតនឹងរៀបចំចុះឈ្មោះជូនតាមនីតិវិធីរបស់ គ.ជ.ប
-បើអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសពីឃុំ សង្កាត់ ដែលប្រជាពលរដ្ឋសុំចុះឈ្មោះ នោះប្រជាពលរដ្ឋត្រូវយកបន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ សងា្កត់ ដែលស្នើសុំចុះឈ្មោះ ការធ្វើលិខិតបញ្ជាក់ទីលំនៅ ត្រូវធ្វើនៅឃុំ សង្កាត់ ទៅតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឱ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន (ក៩) និងសាក្សី ១នាក់ ដែលជាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា។
-ក្នុងករណីប្រជាពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នោះប្រជាពលរដ្ឋត្រូវទៅជួបមេឃុំ ចៅសង្កាត់ ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ដោយត្រូវនាំយកទៅជាមួយនូវសំបុត្របញ្ជាក់កំណើត ឬឯកសារបញ្ជាក់ពីសញ្ជាតិ រូបថត ៣x៤ ចំនួន ២សន្លឹក និងសាក្សី ២រូប ដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ជាមួយគ្នា «សាក្សីត្រូវតែមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬស្មៀនឃុំ សង្កាត់»។
ឯកឧត្ដម មាន សទិ បានបញ្ជាក់ថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ ឬ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ អំពីបញ្ហាទាំងឡាយពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មានភាពមិនប្រក្រតីដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឬច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឬ/និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ឬ/និងបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។
យន្តការ និងសមត្ថកិច្ចក្នុងការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតមាន ៣ថ្នាក់ គឺ៖
-ថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ គឺថ្នាក់ដំបូង ដែលត្រូវទទួល និងដោះស្រាយពាក្យ-បណ្តឹង។ អ្នកសុំចុះឈ្មោះបោះឆ្នោតដែលត្រូវបានក្រុមចុះឈ្មោះបោះឆ្នោតបដិសេធការសុំចុះឈ្មោះបោះឆ្នោត ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៣ (បី) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចបដិសេធការសុំចុះឈ្មោះបោះឆ្នោត (ទ.១០០៩)។ អ្នកប្តឹងត្រូវបំពេញ ទ.១២០២ ចំនួន ៣ (បី) ច្បាប់ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវដោះស្រាយក្នុងរយៈពេលយ៉ាងយូរ ៣ (បី) ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្តឹង។
-ថ្នាក់ គ.ជ.ប គឺក្នុងករណីអ្នកប្តឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្តីសម្រេច របស់ កបឃ.ស មានសិទ្ធិប្តឹងតវ៉ាទៅ គ.ជ.ប ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីទទួលបាន ទ.១២០៣ ពីក្រុមប្រឹក្សាឃុំ សង្កាត់។ អ្នកប្តឹងត្រូវបំពេញ ទ.១២០២ ចំនួន ៣ (បី) ច្បាប់។ គ.ជ.ប ត្រូវសម្រេចលើពាក្យបណ្តឹងក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង។
-ថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញ គឺក្នុងករណីអ្នកប្តឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ គ.ជ.ប មានសិទ្ធិប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបាន ទ.១២០៣ ពី គ.ជ.ប ហើយក្រុមប្រឹក្សា-ធម្មនុញ្ញ ដោះស្រាយពាក្យបណ្តឹងតវ៉ាក្នុងរយៈពេល ១០ (ដប់) ថ្ងៃយ៉ាងយូរ បន្ទាប់ពីទទួលបានពាក្យបណ្តឹង។
នីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ត្រូវអនុវត្តតាមនីតិវិធីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ហើយប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចយល់ព្រមលើពាក្យបណ្តឹងតវ៉ា ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចេញសេចក្តីសម្រេចឱ្យ គ.ជ.ប អនុវត្ត។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា-ធម្មនុញ្ញជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។
គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោតបានចំនួន ៩.០១២.៨៤២នាក់ ស្មើនឹង ៩១,៣០%។ ការចែកលិខិតអញ្ជើញតាមភូមិត្រូវបានបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះហើយ តែប្រជាពលរដ្ឋដែលមិនទាន់បានទទួលលិខិតអញ្ជើញ សូមទៅទទួលលិខិតអញ្ជើញនៅសាលាឃុំ សង្កាត់ ដែលប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់នោះ៕