ការជីកប្រឡាយក្រវាត់ជុំវិញ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានប្រវែង ៣៧គីឡូម៉ែត្រ ត្រូវបានបិទបញ្ចប់ដោយភាពជោគជ័យ
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ការជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលមានប្រវែង៣៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ជម្រៅ៣ម៉ែត្រ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណជាអនេកប្បការជូនដល់ជនរួមជាតិខ្មែរដែលបានលះបង់ថវិកាផ្ទាល់ខ្លួនចូលរួមក្នុងការជីកប្រឡាយក្រវាត់ព្រុំដីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រហូតដល់ទីបញ្ចប់។ ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ៗថា ទឹកប្រាក់ដែលប្រមូលបានពីសប្បុរសជនទាំងអស់ មានចំនួនសរុប ១៨០.០០០ ដុល្លារ (ក្នុងនោះមានប្រាក់រៀល ចំនួន១៣៥លានរៀល និងប្រាក់ដុល្លារមានចំនួន ១៥០.០០០ដុល្លារផងដែរ)។ ជាមួយគ្នានោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា«ថវិកាទាំងអស់ត្រូវបានប្រើប្រាស់លើដំណើរការជីកប្រឡាយព្រុំដីដោយម៉ត់ចត់និងសុក្រឹត្យបំផុត ពោលគឺពុំមានការបាត់បង់ខុសខ្ទង់ចំណាយណាមួយឡើយ។»
ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបន្តទៀតថា«ការបិទបញ្ចប់ដោយជោគជ័យនៃការជីកប្រឡាយនេះ កើតចេញពីទឹកចិត្តនិងបេះដូងពិតៗរបស់បងប្អូនសប្បុរសខ្មែរគ្រប់មជ្ឈដ្ឋាន។» ឯកឧត្តមបណ្ឌិតសភាចារ្យ បានក្រើនរំលឹកថា ការចូលរួមចំណែករបស់បងប្អូនខ្មែរក្នុងការជីកប្រឡាយនេះ គឺបានបន្សល់ទុកនូវភស្តុតាងប្រវត្តិសាស្រ្តដ៏អស្ចារ្យសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ពិតណាស់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ពិតជាសំបូរទៅដោយសក្តានុពលជាច្រើន រួមមាន ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ សត្វស្លាបកម្រ ឡស្លដែកបុរាណ ត្រពាំងបុរាណ ជនជាតិដើមភាគតិច ជាដើម។ ដោយសង្កេតឃើញពី សារៈសំខាន់ទាំងនេះហើយ ទើបរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែយកចិត្តទុកថែរក្សាធនធានទាំងអស់នោះ តាមរយៈការអភិរក្សដោយម៉ឺងម៉ាត់បំផុត។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ការជីកប្រឡាយព្រុំដីនេះមិនត្រឹមត្រូវអាចការពារធនធានសំខាន់ៗនៅក្នុងឧទ្យានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ប្រភពទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន និងសត្វព្រៃផងដែរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តទៀតថា «មានទឹក គឺមានអ្វីៗទាំងអស់» ដោយសារតែបែបនេះហើយ ទើបបុព្វបុរសខ្មែរជំនាន់ដើមឱ្យតម្លៃលើការរៀបចំប្រព័ន្ធទឹក នៅពេលរៀបចំក្រុង។ ក្នុងន័យនេះ ទឹកគឺធនធានដ៏សំខាន់បំផុតសម្រាប់ការដាំដុះដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋ។
លើសពីនេះទៅទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនសាធារណជនថា បន្ទាប់ពីការជីកប្រឡាយព្រុំដីនេះបានបញ្ចប់ទៅ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នឹងដាំដើមត្នោត និងផ្កាជាច្រើនដើមនៅតាមបណ្តោយមាត់ប្រឡាយដើម្បីលម្អសោភណ្ឌភាពសម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយដែលអញ្ជើញមកទស្សនាផ្ទាល់នៅឧទ្យាន។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានស្នើឱ្យក្រសួងធនធានទឹក និងឧទុនិយម មេត្តាស្តារទំនប់បង្ហៀរ និងកាយទីតាំងប្រភពទឹកមួយចំនួនដែលស្ទះ ដើម្បីទាញយកទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានអាស្រ័យផលដំណាំនៅឧទ្យាន ៕