សាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យនានា ចំនួន ២៦រូប កំពុងរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលនេះ
ភ្នំពេញ៖ ស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល វិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក ការប្រឡងនឹងត្រូវប្រព្រឹត្តទៅនៅរសៀលក្នុងថ្ងៃតែមួយ។ តាមការរំពឹងទុក ការតាក់តែងប្រធានវិញ្ញាសា នឹងត្រូវបញ្ចប់ប្រមាណចន្លោះម៉ោង៩និង០០ព្រឹក ដើម្បីដំណើរការនីតិវិធីបន្តសម្រាប់ការប្រឡងប្រជែងដែលចាប់ផ្តើមនៅម៉ោង១២និង០០នាទី។
ជាក់ស្តែងនៅម៉ោង៦និង០០នាទីព្រឹកនេះ អនុគណៈកម្មការនីមួយៗ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានមកដល់ទីតាំងមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីអនុវត្តន៍ការងាររបស់ខ្លួនទៅតាមតួនាទី ភារកិច្ច ដែលមាននៅក្នុងសេចក្តីសម្រេច ដែលបានដាក់ចេញ។ ជាមួយគ្នានេះ សាស្ត្រាចារ្យតាក់តែងវិញ្ញាសា ចំនួន២៦រូប ដែលមកពីសាកលវិទ្យាល័យផ្សេងៗ កំពុងមានវត្តមាននៅក្នុងបន្ទប់តាក់តែងវិញ្ញាសា កំពុងរៀបចំ និងទទួលការណែនាំពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ពន្យល់បង្ហាញពីយន្តការការងារផ្សេងៗ ដែលបានកំណត់ក្នុងនិយាមនីតិប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
សូមជម្រាបថា គណៈកម្មការរៀបចំតាក់តែងវីញ្ញាសា ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផ្តល់បញ្ជីឈ្មោះសមាសភាពសាស្ត្រាចារ្យ ស្មើនឹង ២ដង នៃចំនួនដែលត្រូវការ (ក្នុង ១វិញ្ញាសា) ដើម្បីឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡងប្រជែង ជាអ្នកជ្រើសរើសដោយផ្ទាល់ និងដោយសម្ងាត់បំផុត។ សាស្ត្រាចារ្យចំនួន ២៦រូប ត្រូវបានបែងចែកទៅតាមវិញ្ញាសាទាំងបី រួមមាន៖ វិញ្ញាសាទី១ ជំនាញបច្ចេកទេស តាក់តែងដោយសាស្ត្រាចារ្យ ១៥រូប លើ ៥ជំនាញ (ច្បាប់, រដ្ឋបាលសាធារណៈ, វិស្វកម្មសំណង់ស៊ីវិល, ស្ថាបត្យកម្ម និងព័ត៌មានវិទ្យា) ដែលក្នុងមួយជំនាញមានសាស្ត្រាចារ្យ ៣រូប, វិញ្ញាសាទី២ ភាសាអង់គ្លេស តាក់តែងដោយសាស្ត្រាចារ្យ ៣រូប និងវិញ្ញាសាទី៣ ពហុចម្លើយពាក់ព័ន្ធមុខងារសាធារណៈ, ក្រមសីលធម៌, គោលនយោបាយ… តាក់តែងដោយសាស្ត្រាចារ្យ ៣រូប និងពហុចម្លើយពាក់ព័ន្ធជំនាញឯកទេស តាក់តែងដោយសាស្ត្រាចារ្យ ៥រូប) ៕