សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាការពារ នៅស្រុកសណ្ដាន់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសហការី ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ បានផ្សព្វផ្សាយគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងបានឧបត្ថម្ភកុំព្យូទ័រ ម៉ាស៊ីនព្រីន្ទ សម្ភារៈការិយាល័យ ជូនប្រធានក្រុមប្រឹក្សាឃុំ សម្រាប់បម្រើការងាររដ្ឋបាល ព្រមទាំងស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលអំណោយជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាការពារ ព្រមទាំងក្រុមគ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានផ្សព្វផ្សាយខ្លឹមសារគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ទាំង៧ចំណុច ដោយផ្តោតសំខាន់ ត្រូវយកចិត្តទុកដាក់ ការពារទប់ស្កាត់ឲ្យខាងតែបាន នូវការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ បង្រ្កាបឲ្យបានក្រុមក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន ព្រមទាំងទប់ស្កាត់ មិនឲ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ។
ជាមួយនេះដែរ ឧត្ដមសេនីយ៍ទោសោម ស៊ុន ក៏បានពង្រឹងតួនាទីភារកិច្ច របស់ប្រជាការពារ ក្នុងការចូលរួមចំណែកជាមួយប៉ុស្តិនគរបាលរដ្ឋបាល ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាជន ឲ្យបានល្អប្រសើរ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូន កុំព្យូទ័រ ចំនួន មួយគ្រឿង ម៉ាស៊ីនព្រីន្ទធ័រចំនួនមួយគ្រឿង និងសម្ភារៈការិយាល័យ មួយចំនួន ដែលមានតម្លៃសរុបជាទឹកប្រាក់ ជាង ៥៦៥ ដុល្លារ ។ ដោយឡែកនៅក្នុងឱកាសនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនក្រុមគ្រួសារអតីតយុទ្ធជន ប្រជាការពារ និងក្រុមគ្រួសារ ដែលមានជីភាពលំបាកខ្ខះខាតចំនួន២០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊វចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ដោយឡែកប្រជាការពារ ចំនួន២២នាក់ផ្សេងទៀត ដែលបានចូលរួមក្នុងពិធីនេះ ទទួលបានថវិកាមួយចំនួនផងដែរ ។
លោក លន់ យេន ប្រធានក្រុមប្រឹក្សាឃុំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ទុក្ខលំបាករបស់ក្រុមគ្រួសារអតីតយុទ្ធជន ប្រជាជននៅតាមមូលដ្ខាននានា ពិសេសនៅឃុំដងកាំបិត ស្រុកសណ្តាន់ និងសូមគោរពថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ដែលបានឧបត្ថម្ភកុំព្យូទ័រ ម៉ាស៊ីនព្រីន្ទធ័រ និងសម្ភារៈការិយាល័យ សម្រាប់បម្រើការងាររដ្ឋបាលក្នុងឃុំ និងសូមគោរពជូនពរ សម្តេច លោកជំទាវ ឯកឧត្តម អស់លោក លោកស្រី ទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕