សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
សារលិខិតរំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារដូចខាងក្រោម៖
«ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធាន កាកបាទក្រហមកម្ពុជា ដែលជាស្វាមីរបស់ លោកជំទាវ សម្តេចបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងព្រះបរមរាជវាំង និងសូមសម្តែង នូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅបំផុត ព្រោះការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គ ឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅៗ រួមនឹងញាតិ មិត្តជិតឆ្ងាយទាំងអស់ ពិសេស ជាការបាត់បង់ឥស្សរជនកម្ពុជាដ៏ឆ្នើមមួយរូបដែលគួរឱ្យគោរពស្ញប់ស្ញែងបំផុត។ តាំងពីអតីតកាលរហូតរៀងមក សម្តេច តែងបានបូជានូវកម្លាំងកាយ កម្លាំងប្រាជ្ញាស្មារតី និងការធ្វើពលិកម្ម គ្រប់បែបយ៉ាង ដើម្បីបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារដាច់ខាតនូវ រាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ និងលើកស្ទួយកិត្តិយស កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។
ខ្ញុំ និងភរិយា សូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា» ៕