ឯកឧត្តម វ៉ា ថន ផ្ញើសារលិខិតរំលែកទុក្ខជូន លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង គង់ សំអុល
ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានផ្ញើសាររំលែកទុក្ខជូន លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ចំពោះមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានខ្លឹមសារដូចខាងក្រោម៖
«តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួលរន្ធត់តក់ស្លុត និងសោកស្តាយជាអនេកដោយបាន ទទួលដំណឹងមរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលត្រូវជាស្វាមីរបស់ លោកជំទាវឧកញ៉ាធម្មាមង្គលមុនី បានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ក្នុងវេលាប្រកបដោយទុក្ខព្រួយដ៏សោកសង្រេងជាទីបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតនេះជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី និងក្រុមគ្រួសារ ដោយសេចក្តី អាឡោះអាល័យ រកអ្វីប្រៀបផ្ទឹមពុំបានចំពោះការបាត់បង់នូវស្វាមី ឪពុក ជីតា និងជីតាទួត ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ ចៅទួត និងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវ ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូយ៉ាងសកម្ម បំពេញការងារ ប្រកបដោយឆន្ទៈមនសិការបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ ប្រជាជន លើសពីនេះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ មានស្នាដៃច្រើនរាប់មិនអស់ក្នុងការចូលរួមចំណែកកសាងសមិទ្ធផលទាំងក្នុងវិស័យ ពុទ្ធចក្រ និងអាណាចក្រ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលធ្លាប់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននៅក្នុង ព្រះពុទ្ធសាសនា។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវឧកញ៉ាធម្មាមង្គលមុនី និងក្រុមគ្រួសារ មេត្តាទទួលនូវការចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំបំផុតអំពីយើងខ្ញុំទាំងអស់គ្នា» ៕