ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងធនធាន ទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងសោកសង្រេងក្រៃលែង និងសូមចូលរួមរម្លែកមរណទុក្ខដ៏សែនក្រៀមក្រំជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ព្រមទាំងក្រុមគ្រួសារសាច់សារលោហិតទាំងអស់។
មរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្កហធម៌ដ៏ល្អថ្លៃថ្លា ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបប្រកបដោយមនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីតស៊ូគ្រប់ឧបសគ្គ ចូលរួមចំណែកការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបានដង្ហែតាមអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដឹកនាំប្រទេសជាតិមាតុភូមិកម្ពុជាដ៏រុងរឿងឈានឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរៀងរហូតមក។
ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕