ការរៀបចំពិធីហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល មានចម្ងាយផ្លូវប្រមាណ ១៨ គីឡូម៉ែត្រ ពីគេហដ្ឋាននៃសព
ភ្នំពេញ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការពិធីការរៀបចំបុណ្យសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រីង្គារ គង់ សំអុល បានបញ្ជាក់ថា ការរៀបចំពិធីហែសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល មានចម្ងាយផ្លូវប្រមាណ ១៨ គីឡូម៉ែត្រ រយៈពេល៤៥នាទី ពីគេហដ្ឋាននៃសព។
ឯកឧត្តម លើកឡើងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញដឹកនាំទាំងប្រជុំ ដើម្បីពិភាក្សាពីភារកិច្ចត្រូវរៀបចំក្បួនហែ និងពិធីបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងតាមរាជប្បវេណី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គណៈ កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ ចំពោះវត្តមានសមាជិក សមាជិកា អង្គប្រជុំ ទាំងអស់ដែលបានអញ្ជើញចូលរួមប្រជុំ និងបានជម្រាបជូនអំពីភារកិច្ចដែលត្រូវរៀបចំពិធីក្បួនហែ និងពិធីបូជាសព ដែលពិធីហែ និងបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល នឹងប្រព្រឹត្តិទៅ នៅថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៦:០០នាទីព្រឹក ចេញពីគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ឆ្ពោះទៅកាន់មេរុ នៅវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចម្ងាយផ្លូវប្រមាណ ១៨ គីឡូម៉ែត្រ រយៈពេល៤៥នាទី។
ឯកឧត្តម ឈិន កេតនា ប្រធានអង្គប្រជុំ បានលើកអំពីផែននានានៃក្បួនហែ មានចំនួន៦ផែនធំៗ និងជម្រាបជូនពីតម្រាយផ្លូវសម្រាប់ក្បួនហែ ដោយក្បួនហែសពចេញពីគេហដ្ឋានលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងផ្លូវហ្សូសិបប្រូទីតូ (២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ឆ្ពោះតាមផ្លូវសម្តេចប៉ាន ទៅមហាវិថីព្រះនរោត្តម បត់ស្តាំឆ្ពោះ ទៅរកវិមានឯករាជ្យ បត់ឆ្វេងទៅមហាវិថីព្រះសីហនុ បត់ឆ្វេងទៅមហាវិថីសម្តេចសុធារស បត់ឆ្វេង ទៅវិថីព្រះអង្គមគ្គវណ្ណ(១៧៨) ដល់មហាវិថីព្រះនរោត្តម បត់ស្តាំទៅវិថីព្រះអង្គឌួង ដល់វិថីព្រះអង្គឌួង បត់ឆ្វេងតាមវិថីព្រះអង្គឌួង បន្តទៅមហាវិថីសហព័ន្ធរុស្សី ឆ្ពោះទៅរង្វង់មូល ស្ពានអាកាសចោមចៅ (រថយន្តចូលក្បួនថ្មើរជើង) ក្បួនថ្មើរជើងហែសពចេញពីរង្វង់មូលស្ពានអាកាសចោមចៅ តាមផ្លូវជាតិលេខ៤ ឆ្ពោះទៅមេរុ ក្នុងវត្តជម្ពូវ័ន ចំពោះក្បួនថ្មើរជើងមានរយៈចម្ងាយប្រមាណ១គីឡូម៉ែត្រ។
សូមរំលឹកថា សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ៕