ឧត្តមសេនីយ៍ឯក ជីវ ផល្លី អនុញ្ញាតជូន មន្រ្តីទំនាក់ទំនងកងរាជតម្រួតកាណាដា (RCMP) ប្រចាំទីក្រុងបាងកក ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ
ភំ្នពេញ៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតជូន លោកស្រី JANELLE CANNING-LUE មន្រ្តីទំនាក់ទំនងកងរាជតម្រួតកាណាដា (RCMP) ប្រចាំទីក្រុងបាងកក ប្រទេសថៃ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ និងណែនាំលោក YANY MARCHAND-VIGEALT មន្រ្តីទំនាក់ទំនងកងរាជតម្រួតកាណាដា (RCMP) ប្រចាំទីក្រុងម៉ានីល ដើម្បីចែករំលែកព័ត៌មានករណីពលរដ្ឋកាណាដា ដែលបានប្រព្រឹត្តអំពើបៀតបៀនលើកុមារនៅប្រទេសកម្ពុជា នៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ក្នុងជំនួបនោះ ភាគីកាណាដា ក៏បានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានសហការក្នុងកិច្ចប្រតិបត្តិការយ៉ាងល្អនាពេលកន្លងមក ក្នុងការស៊ើបអង្កេត ស្រាវជ្រាវតាមចាប់ខ្លួនជនល្មើសដែលបំពានផ្លូវភេទលើកុមារហើយបានបញ្ជូនជនល្មើសយកទៅកាត់ទោសនៅប្ររទេសកាណាដារួចហើយ។
តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ សូមថ្លែងអំណរគុណដល់ភាគីកាណាដា ដែលតែងតែយកចិត្តទុកដាក់និងផ្តល់កិច្ចសហការក្នុងការបង្រ្កាបបទល្មើសប្រឆាំងការជួញដូរមនុស្ស និងបទល្មើសបំពានផ្លូវភេទលើកុមារកម្ពុជា និងផ្តល់ជាវគ្គបណ្តុះបណ្តាល ដល់មន្រ្តីនគរបាលជាតិកម្ពុជា ស្តីអំពី នីតិវិធីច្បាប់ ក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ពង្រឹងសមត្ថភាពយល់ដឹងអំពីច្បាប់ ពីនីតិវិធី ពីជំនាញ ក្នុងការកំណត់បទល្មើស។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបន្តថា
ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៧របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំបានប្តេជ្ញាចិត្ត និងបានចាត់ទុកការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ ទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែននេះជាអាទិ៍ភាព និងស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតី កងកម្លាំងជួរមុខ ,ការបំប៉នជំនាញ វិជ្ជាជីវៈ, ការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ប្រឆាំងការជួញដូរមនុស្ស តាមរយៈការបើកវគ្គបណ្តុះបណ្តាល គឺជាការចាំបាច់បំផុតនិងដោយអនុវត្តតាមផែនការដែលបានគ្រោងទុកអោយស្របទៅនិងផែនការយុទ្ធសាស្ត្រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ឆ្នាំ២០២៤ ៕