លោក ស៊ី ជីនពីង បញ្ជាក់ថា ចិននឹងធ្វើការជាមួយ UN ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់អាហ្វ្រិក
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងការរស់ឡើងវិញរបស់អាហ្វ្រិក។
លោក ស៊ី ជីនពីង បានធ្វើការកត់សម្គាល់នៅពេលលោកបានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលកំពុងនៅទីក្រុងប៉េកាំងសម្រាប់កិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC)។
លោក ស៊ី ជីនពីង បានបន្តថា ប្រទេសចិនផ្តល់សារៈសំខាន់យ៉ាងខ្លាំងលើការអភិវឌ្ឍទំនាក់ទំនងរបស់ខ្លួនជាមួយអាហ្វ្រិក ហើយកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអាហ្វ្រិកមិនបម្រើផលប្រយោជន៍អាត្មានិយមនោះទេ។
លោកបានស្នើចក្ខុវិស័យនៃការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ជាមួយនឹងក្តីសង្ឃឹមថាមនុស្សទូទាំងពិភពលោក រួមទាំងអ្នកនៅក្នុងទ្វីបអាហ្រ្វិកអាចរីករាយនឹងជីវិតកាន់តែប្រសើរឡើង។
លោក ស៊ី ជីនពីង បានសម្តែងការកោតសរសើរចំពោះការផ្តោតជាសំខាន់របស់អង្គការសហប្រជាជាតិលើទ្វីបអាហ្វ្រិក។
លោក ស៊ី ជីនពីង បានបញ្ជាក់ថា ទំនើបភាវូបនីយកម្មរបស់ប្រទេសចិននឹងបង្កើតឱកាសកាន់តែច្រើនសម្រាប់បណ្តាប្រទេសជុំវិញពិភពលោក និងផ្តល់សន្ទុះថ្មីសម្រាប់ការរក្សាសន្តិភាពពិភពលោក និងការលើកកម្ពស់ការអភិវឌ្ឍន៍រួមគ្នា។