កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សោម វិសាល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលជួបឯកឧត្តម កាណាត់ ទូមីសហ្ស ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរឯកឧត្តម កាណាត់ ទូមីសហ្ស ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានថ្មី ប្រចាំកម្ពុជា និងបានបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតកាហ្សាក់ស្ថាន ដើម្បីលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ។
ភាគីទាំងពីរបានពិនិត្យការវិវត្តនៃទំនាក់ទំនងទ្វេភាគី និងឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ។
ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ ពាក់ព័ន្ធនឹងការចាប់ផ្តើមពិភាក្សាគ្នាទ្បើងវិញ លើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដែលជាយន្តការដ៏សំខាន់មួយសម្រាប់ការពិភាក្សាគ្នារិះរកមធ្យោបាយ ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀតរវាងប្រទេសទាំងពីរ។
ទន្ទឹមនេះ ភាគីទាំងពីរក៏បានប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការបន្ថែមទៀត និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ៕