បទវិភាគ៖មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ក៏ចិននិងអាហ្រ្វិកនឹងផ្តល់ការគាំទ្រយ៉ាងមុតមាំបំផុតដល់គ្នាទៅវិញទៅមក
បន្ទាប់ពីរំលងអស់រយៈពេល ៦ ឆ្នាំមក ទីក្រុងប៉េកាំងបានទទួលស្វាគមន៍ភ្ញៀវនិងមិត្តភក្តិមកពីបណ្តាប្រទេសអាហ្វ្រិកម្តងទៀតដែលជាសាក្សីភាពនៃព្រឹត្តិការណ៍ដ៏ធំមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក ។
នៅថ្ងៃទី ៥ ខែកញ្ញា កិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ ២០២៤ បានបើកធ្វើនៅទីក្រុងប៉េកាំង ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកនិងបានថ្លែងសុន្ទរកថាគន្លឹះដោយស្នើឱ្យលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងចិននិងបណ្តាប្រទេសអាហ្វ្រិកទាំងអស់ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនឱ្យឡើងដល់កម្រិតទំនាក់ទំនងជាយុទ្ធសាស្ត្រ ហើយលើកកម្ពស់ទិសដៅរួមនៃទំនាក់ទំនងចិន-អាហ្រ្វិកឱ្យទៅជាសហគមន៍ជោគវាសនារួមរវាងចិននិងអាហ្រ្វិកក្នុងគ្រប់កាលៈទេសៈក្នុងយុគសម័យថ្មី ។ ព្រមពេលជាមួយគ្នានេះ ភាគីចិនផ្តួចផ្តើមឱ្យចិននិងអាហ្រ្វិកពួតដៃគ្នាជំរុញការកសាង”ទំនើបកម្មចំនួន ៦ ” ហើយបានប្រកាសពីសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ ដើម្បីកំណត់យ៉ាងច្បាស់ថែមមួយកម្រិតទៀតនូវទិសដៅខិតខំប្រឹងប្រែងនិងផ្លូវសម្រាប់ចិននិងអាហ្រ្វិកក្នុងការពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ។
ឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសចិននិងអាហ្រ្វិកសម្គាល់ឃើញថា កិច្ចប្រជុំកំពូលក្រុងប៉េកាំងត្រូវគេហៅថាជានិមិត្តសញ្ញាមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី ។ លោក Mokgweetsi Masisi ប្រធានាធិបតីបុតស្វាណាបានថ្លែងថា ថ្ងៃនេះគឺជាខណៈពេលជាប្រវតិ្តសាស្ត្រនៃទំនាក់ទំនងរវាងអាហ្វ្រិកនិងចិន វិធានការថ្មីដែលបានប្រកាសដោយលោកប្រធានរដ្ឋចិន Xi Jinping ក្នុងនោះបូករួមទាំងគោលនយោបាយបើកទូលាយថែមមួយកម្រិតទៀតចំពោះអាហ្រ្វិកបានធ្វើឱ្យភាគីអាហ្រ្វិកមានក្តីរំភើបចិត្តនិងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ។ លោក Li Wentao ប្រធានវិទ្យាស្ថានស្រាវជ្រាវបញ្ហាអាហ្វ្រិកនៃបណ្ឌិត្យសភាទំនាក់ទំនងអន្តរជាតិទំនើបចិនបានវិភាគថា ការកំណត់ទិសដៅថ្មីនៃទំនាក់ទំនងរវាងចិននិងអាហ្វ្រិកដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping លើកនេះមានន័យថា ចិននិងអាហ្វ្រិកនឹងពួតដៃគ្នាដើម្បីឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្មនៃយុគសម័យនិងចាប់ដំណើរការនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពរវាងចិននិងអាហ្វ្រិកនឹងត្រូវបានពង្រឹងជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកនឹងត្រូវបានជំរុញជាបន្តបន្ទាប់ ហើយចិននិងអាហ្រ្វិកនឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំបំផុតដល់គ្នាទៅវិញទៅមក ។
ក្នុងប្រវត្តិសាស្ត្រ ដំណើរការធ្វើទំនើបកម្មរបស់លោកខាងលិចធ្លាប់បាននាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ ចិននិងប្រទេសអាហ្រ្វិកសុទ្ធតែបានរងទុក្ខវេទនាយ៉ាងខ្លាំងដែលត្រូវបានជិះជាន់ដោយអាណានិគមនិយម ដូច្នេះ យើងបានយល់ឃើញយ៉ាងជ្រាលជ្រៅថា ការធ្វើទំនើបកម្មមិនមែនស្មើនឹងការធ្វើបស្ចិមភាវូបនីយកម្មនោះទេ ។ ឥស្សរជនវិភាគបានលើកឡើងថា ចក្ខុវិស័យថ្មីនៃ”ការធ្វើទំនើបកម្ម”ដែលចង្អុលបង្ហាញដោយប្រទេសចិនពីវិស័យចំនួន ៦ លើកនេះ វាមិនត្រឹមតែបានបោះបង់ចោល”ច្បាប់ព្រៃ”ក្នុងដំណើរការធ្វើទំនើបកម្មរបស់លោកខាងលិចប៉ុណ្ណោះទេ ថែមទាំងក៏បានក្រេបជញ្ជក់និងរៀនសូត្រនូវបទពិសោធដ៏មានតម្លៃពីការកសាងទំនើបកម្មតាមបែបផែនចិនផងដែរដែលបានបង្ហាញពីគុណតម្លៃទំនើបកម្មដោយគ្រប់ជ្រុងគ្រោយ សមភាពនិងវឌ្ឍនភាព ។
ផែនការគោលបានគ្រោងរួចហើយ គន្លឹះគឺស្ថិតនៅត្រង់ថា តើត្រូវអនុវត្តនិងជំរុញតាមរបៀបណា ? ប្រទេសចិនបានលើកឡើងថា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ភាគីចិនរីករាយរួមសហការជាមួយភាគីអាហ្រ្វិកដើម្បីអនុវត្តសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ ដែលពាក់ព័ន្ធនឹងគ្រប់វិស័យដូចជាការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ភាពរុងរឿងនៃពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ឧស្សាហកម្ម ការតភ្ជាប់គ្នា ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ សុខាភិបាល ការជំរុញការអភិវឌ្ឍកសិកម្មនិងផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍបៃតងនិងរួមគ្នាគាំពារសន្តិសុខជាដើម ។ អាចឃើញថា នេះគឺជាការបន្តវេននិងការអភិវឌ្ឍនៃ”ផែនការសហប្រតិបត្តិការធំៗទាំង ១០ ” “ផែនការប្រតិបតិ្តចំនួន ៨ “និង”គម្រោងចំនួន ៩ “ដែលរួមគ្នាអនុវត្តដោយចិននិងអាហ្រ្វិកនៅពេលមុននេះ ហើយក៏បានផ្តល់នូវ”ផែនទីបង្ហាញផ្លូវ”សម្រាប់ចិននិងអាហ្វ្រិកក្នុងការពួតដៃគ្នាសម្រេចបាននូវការធ្វើទំនើបកម្មផងដែរ ។
ផែនការគោលដ៏ល្អប្រសើរដែលចង្អុលបង្ហាញដោយកិច្ចប្រជុំកំពូលក្រុងប៉េកាំងលើកនេះមិនត្រឹមតែបានតម្រង់ទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរួមរវាងចិននិងអាហ្វ្រិកប៉ុណ្ណោះទេ ថែមទាំងក៏បានធ្វើឱ្យការអភិវឌ្ឍរបស់ប្រទេសចិនផ្សារភ្ជាប់កាន់តែស្អិតល្មួតជាមួយការអភិវឌ្ឍរបស់ទ្វីបអាហ្វ្រិកនិងការអភិវឌ្ឍរបស់ពិភពលោក ។ ចិននិងអាហ្រ្វិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្មវានឹងនាំមកនូវសុខុមាលភាពនិងផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃភាគីទាំងពីរ ជំរុញការអភិវឌ្ឍនិងស្តារភាពរុងរឿងឡើងវិញនៃសកលខាងត្បូងដើម្បីបញ្ចេញនូវថាមពលវិជ្ជមានកាន់តែច្រើនសម្រាប់ការគាំពារសន្តិភាពនិងការអភិវឌ្ឍពិភពលោក ៕