បទវិភាគ៖ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជំនាញវិជ្ជាជីវៈ រួមគ្នាគូរគំនូរថ្មីនៃអនាគតរវាងចិននិងអាហ្វ្រិក
អ្នកបើករថភ្លើងនីហ្សេរីយ៉ាដែលទទួលការបណ្តុះបណ្តាលពីសហគ្រាសចិនបានបើកបររថភ្លើងល្បឿនលឿនដែលផលិតដោយប្រទេសចិនបាននិងកំពុងរត់យ៉ាងលឿននៅលើផ្លូវដែកពណ៌ខៀវក្រុង Lagos បុគ្គលិកពេទ្យដែលទទួលការបណ្តុះបណ្តាលក្នុងគម្រោងសហប្រតិបត្តិការរវាងចិននិងកូម៉ូរ៉ូបាននិងកំពុងព្យាបាលអ្នកជំងឺជាច្រើននាក់ សិស្សនិស្សិតអេត្យូពីដែលបន្តការសិក្សានៅប្រទេសចិនបន្ទាប់ពីត្រឡប់ទៅប្រទេសខ្លួនវិញបានបង្កើតក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថលតាមរយៈការរៀនសូត្រពីបទពិសោធផ្នែកធុរកិច្ចអេឡិចត្រូនិករបស់ចិនដើម្បីផ្តល់សេវាកម្មទូទាត់តាមអនឡាញសម្រាប់ប្រជាជនក្នុងតំបន់ ។ល។
បើរំលឹកឡើងវិញនូវសមិទ្ធផលដែលវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិកទទួលបានបន្ទាប់ពីបានបង្កើតឡើងកាលពីឆ្នាំ ២០០០ មក យើងអាចមើលឃើញថា ពី”ផែនការសហប្រតិបត្តិការធំៗទាំង ១០ ” “ផែនការប្រតិបតិ្តចំនួន ៨ “ដល់”គម្រោងចំនួន ៩ “រហូតដល់”ផែនការសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលធនធានមនុស្សរវាងចិននិងអាហ្វ្រិក” ការបណ្តុះបណ្តាលធនធានមនុស្សកាន់តែច្រើនសម្រាប់អនាគតរបស់អាហ្វ្រិកគឺជាវិធានការជាប់លាប់របស់ចិនក្នុងការជំរុញការអភិវឌ្ឍរបស់អាហ្រ្វិក ។ ប្រទេសចិនបានផ្សារភ្ជាប់ជាមួយតម្រូវការជាក់ស្តែងរបស់ប្រទេសពាក់ព័ន្ធដោយបណ្តុះបណ្តាលធនធានមនុស្សគ្រប់ប្រភេទសម្រាប់ប្រទេសអាហ្វ្រិកដើម្បីជួយប្រទេសអាហ្វ្រិកឱ្យលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយម្ចាស់ការរបស់ខ្លួនជាបន្តបន្ទាប់ ។
ការបង្កើនការបណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យា ជាពិសេសគឺការពង្រីកការអប់រំវិជ្ជាជីវៈវាមិនត្រឹមតែជាតម្រូវការស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសអាហ្រ្វិកប៉ុណ្ណោះទេ ថែមទាំងក៏ជាជម្រើសដ៏ចាំបាច់សម្រាប់ការដោះស្រាយបញ្ហាលំបាកនៃចំនួនប្រជាជនរបស់អាហ្រ្វិកនិងពង្រីកយ៉ាងពេញលេញនូវភាគលាភដែលបានមកពីចំនួនប្រជាជនផងដែរ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសអាហ្រ្វិកដោយបានផ្តល់ការគាំទ្រផ្នែកធនធានមនុស្សខាងបច្ចេកវិទ្យានិងក្រុមគ្រូបង្រៀនជាដើមដែលទទួលបានប្រសិទ្ធភាពដ៏លេចធ្លោក្នុងវិស័យជាច្រើន ។
យោងតាម«របាយការណ៍ស្តីពីការធ្វើបរិវត្តកម្មការអប់រំរបស់អាហ្រ្វិក»ដែលចេញផ្សាយដោយមូលនិធិកុមារនៃអង្គការសហប្រជាជាតិនិងគណៈកម្មាធិការសហភាពអាហ្វ្រិកបានឱ្យដឹងថា នៅពាក់កណ្តាលសតវត្សរ៍នេះ ចំនួនកុមារនិងក្មេងជំទង់ដែលមានអាយុក្រោម ១៨ ឆ្នាំនៅទ្វីបអាហ្រ្វិកនឹងឡើងដល់ ១ ពាន់លាននាក់ដែលស្ទើរតែស្មើនឹង ៤០ ភាគរយនៃចំនួនប្រជាជនដែលមានអាយុដូចគ្នានៅទូទាំងពិភពលោក ។ ប៉ុន្តែ ការអភិវឌ្ឍនៃការធ្វើឧស្សាហូបនីយកម្មនិងការធ្វើទំនើបកម្មកសិកម្មនៃប្រទេសអាហ្រ្វិកមានភាពយឺតយ៉ាវបង្គួរ ក្នុងនោះមូលហេតុមួយចំនួន គឺដោយមកពីទ្វីបអាហ្រ្វិកខ្វះធនធានមនុស្សខាងបច្ចេកវិទ្យាដ៏គ្រប់គ្រាន់សម្រាប់ផ្តល់ការទ្រទ្រង់ដល់ការអភិវឌ្ឍរបស់ខ្លួន ។
អង្គការសមាហរណកម្មក្នុងតំបន់ដែលមានសហភាពអាហ្វ្រិកជាតំណាងបាននិងកំពុងជំរុញយ៉ាងសកម្មនូវការបណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យារបស់អាហ្រ្វិក ។ សហភាពអាហ្រ្វិកបានដាក់ចេញ«យុទ្ធសាស្ត្រស្តារឡើងវិញស្តីពីការអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់អាហ្រ្វិក»កាលពីឆ្នាំ ២០០៧ ក្នុងគោលបំណងជំរុញឱ្យបណ្តាប្រទេសអាហ្រ្វិកបង្កើនការអប់រំជំនាញវិជ្ជាជីវៈ ហើយ«របៀបវារៈឆ្នាំ ២០៦៣ »របស់សហភាពអាហ្រ្វិកក៏បានចាត់ទុក”ការអប់រំនិងជំនាញដ៏ល្អប្រសើរក្នុងបរិបទច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា”ជាគោលដៅមួយផងដែរ ។
ព្រមពេលជាមួយគ្នានេះ បណ្តាប្រទេសអាហ្រ្វិកបានដាក់ចេញគោលនយោបាយពាក់ព័ន្ធដើម្បីអភិវឌ្ឍធនធានមនុស្សខាងបច្ចេកវិទ្យាវិជ្ជាជីវៈ ។ សូមយកប្រទេសអាហ្រ្វិកខាងត្បូងជាឧទាហរណ៍ ក្រសួងការអប់រំថ្នាក់ឧត្តមសិក្សានិងបណ្តុះបណ្តាលរបស់ប្រទេសនេះបានចេញផ្សាយ«សៀវភៅសស្តីពីការអប់រំនិងបណ្តុះបណ្តាលមនុស្សពេញវ័យ»នៅពេលមុននេះដែលបានលើកឡើងពីគោលដៅកំណែទម្រង់ស្តីពីការអប់រំនិងបណ្តុះបណ្តាលខាងបច្ចេកវិទ្យា លើកទឹកចិត្តឱ្យសម្រេចបាននូវការតភ្ជាប់រវាងការអប់រំថ្នាក់ឧត្តមសិក្សាគ្រប់ស្រទាប់ជាន់ថ្នាក់និងប្រព័ន្ធបណ្តុះបណ្តាល ហើយពង្រីកទ្រង់ទ្រាយនៃការអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈព្រមទាំងបានលើកឡើងថា ដល់ឆ្នាំ ២០៣០ ចំនួនសិស្សនិស្សិតដែលបានសិក្សានៅក្នុងវិទ្យាស្ថានជំនាញវិជ្ជាជីវៈនៅអាហ្វ្រិកខាងត្បូងនឹងឡើងដល់ ២,៥ លាននាក់ ។
យ៉ាងណាមិញ ការបណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យារបស់អាហ្រ្វិកក៏ប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងនោះបូករួមទាំងកង្វះខាតគ្រឿងបរិក្ខាររឹងនិងក្រុមគ្រូបង្រៀននៅក្នុងគ្រឹះស្ថានអប់រំនិងបណ្តុះបណ្តាល ភាពរួមបញ្ចូលគ្នានៃការផលិត ការៀនសូត្រនិងកាសិក្សាស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការរវាងសាលារៀននិងសហគ្រាសនៅតែស្ថិតក្នុងកម្រិតទាបបង្គួរដដែល ការវិនិយោគខាងប្រាក់ទុនមិនគ្រប់គ្រាន់ ក៏ដូចជាការអភិវឌ្ឍវិស័យអប់រំជំនាញវិជ្ជាជីវៈក្នុងតំបន់និងស្រទាប់វណ្ណៈខុសៗគ្នាមានអតុល្យភាពជាដើម ។
ការអប់រំវិជ្ជាជីវៈគឺជាវិស័យដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងចិននិងអាហ្វ្រិក ។ «ផែនការសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលធនធានមនុស្សរវាងចិននិងអាហ្វ្រិក»បានលើកឡើងថា ប្រទេសចិននឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការស្តីពីការកសាងសមត្ថភាពដូចជា ការផ្ទេរបច្ចេកទេស អប់រំនិងការបណ្តុះបណ្តាលជាដើមជាមួយទ្វីបអាហ្រ្វិកដែលបូករួមទាំងការអនុវត្ត”ផែនការសហប្រតិបត្តិការអំពីគ្រឹះស្ថានឧត្តមសិក្សា១រយចិន-អាហ្វ្រិក”និងផែនការស្តីពីការបណ្តុះបណ្តាលគ្រូបង្រៀននៃ”ខ្សែក្រវាត់និងផ្លូវ” ពោលគឺ ប្រទេសចិននឹងបណ្តុះបណ្តាលសកលវិទ្យាធិការនិងគ្រូបង្រៀនឆ្នើមចំនួន ៥០០ រូបសម្រាប់សាលាវិជ្ជាជីវៈរបស់អាហ្វ្រិកជារៀងរាល់ឆ្នាំ បណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនរបស់ប្រទសអាហ្រ្វិកចំនួន ១០០០ នាក់ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សចម្រុះរបស់ប្រទេសអាហ្រ្វិកចំនួន ១ ម៉ឺននាក់តាមរយៈកម្មវិធីអប់រំ”ភាសាចិនបូកនឹងជំនាញវិជ្ជាជីវៈ” ។ ឧទាហរណ៍ដូចជា វិទ្យាស្ថានខុងជឺនៃប្រទេសរវ៉ាន់ដាបានចាប់ផ្តើមបង្រៀនភាសាចិនកាលពីឆ្នាំ ២០០៩ ហើយបានបើកវគ្គសិក្សាជាបន្តបន្ទាប់ ដូចជា វគ្គសិក្សាអំពី”ការបណ្តុះបណ្តាលភាសាចិនបូកនឹងបច្ចេកវិទ្យាត្បាញចម្រៀកពីឬស្សី” វគ្គសិក្សាអំពី”ការបណ្តុះបណ្តាលភាសាចិនបូកនឹងបុគ្គលិកវេជ្ជសាស្ត្រ”និងវគ្គសិក្សាអំពី”ការបណ្តុះបណ្តាលភាសាចិនបូកនឹងបច្ចេកទេសកសិកម្ម” ។
រោងជាង Luban គឺជាគម្រោងដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការផ្នែកអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈរវាងចិននិងអាហ្វ្រិក ។ នាពេលបច្ចុប្បន្ន ប្រទេសចិនបានបង្កើតរោងជាង Luban ចំនួន ១៧ កន្លែងនៅក្នុងប្រទេសអាហ្វ្រិកចំនួន ១៥ ដើម្បីផ្សារភ្ជាប់ជាមួយតម្រូវការសហប្រតិបត្តិការនៃការធ្វើឧស្សាហូបនីយកម្មរបស់អាហ្វ្រិកនិងកិច្ចសហប្រតិបតិ្តការផ្នែកផលិតភាពរវាងចិននិងអាហ្វ្រិក ក៏ដូចជាជំរុញឱ្យប្រជាជនក្នុងតំបន់មានការងារធ្វើ ។ វគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលបានរៀបចំឡើងដោយសហគ្រាសចិនមួយចំនួននិងវិទ្យាស្ថានវិជ្ជាជីវៈដែលជាជំនួយរបស់រដ្ឋាភិបាលចិនក៏បានដើរតួនាទីជំរុញដ៏វិជ្ជមានចំពោះការបណ្តុះបណ្តាលធនធានមនុស្សខាងជំនាញវិជ្ជាជីវៈរបស់ទ្វីបអាហ្វ្រិកផងដែរ ។
លើសពីនេះទៅទៀត ការបណ្តុះបណ្តាលក្នុងវិស័យកសិកម្មក៏បាននាំមកនូវលទ្ធផលជាផ្លែផ្កាដែរ ។ តាមការលើកឡើងបានឱ្យដឹងថា បច្ចេកវិទ្យាអំពីការដាំដុះស្មៅ Juncao របស់ប្រទេសចិនបានជំរុញឱ្យប្រជាជនអាហ្រ្វិករាប់សែននាក់បង្កើនប្រាក់ចំណូល ហើយការផ្សព្វផ្សាយនិងប្រើប្រាស់បច្ចេកទេសស្រូវបង្កាត់របស់ប្រទេសចិនបានជំរុញបរិមាណទិន្នផលស្រូវរបស់ប្រទេសអាហ្វ្រិកជាច្រើនបានកើនឡើងពីគិតជាមធ្យម ២ តោនក្នុងមួយហិកតាដល់ ៧,៥ តោន ។
ប្រទេសចិនក៏បានជួយប្រទសអាហ្រ្វិកឱ្យបណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យា”តាមវិធីសាស្ត្រ”អញ្ជើញឱ្យចូលមក”ផងដែរ ។ ដោយឡែកគម្រោងនិស្សិតបន្តការសិក្សាមួយចំនួនបានជំរុញឱ្យយុវជនក្នុងតំបន់លើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់ខ្លួនតាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនិងការអប់រំខាងសញ្ញាបត្រសម្រាប់សិស្សនិស្សិតអាហ្វ្រិក ។
ធនធានមនុស្សគឺជាការទ្រទ្រង់ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា ។ នៅពេលអនាគត ប្រទេសចិននឹងរួមសហការជាមួយប្រទេសអាហ្រ្វិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សថែមមួយកម្រិតទៀត ចែករំលែកនូវបទពិសោធនិងទស្សនៈអភិវឌ្ឍន៍កាន់តែច្រើនឡើងៗដើម្បីជួយប្រទេសអាហ្វ្រិកទាំងឡាយឱ្យបង្កើនកិច្ចកសាងសមត្ថភាពរបស់ខ្លួន ក៏ដូចជារួមចំណែកជាកម្លាំងចិនសម្រាប់ប្រទេសអាហ្វ្រិកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ៕