បញ្ជូនជនសង្ស័យប្រុស-ស្រី ១១នាក់ ទៅតុលាការ ក្រោយបើកឆាកប្រយុទ្ធគ្នា នៅភូមិដំណាក់ធំ២ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣
ភ្នំពេញ៖ ជនសង្ស័យប្រុស-ស្រី១១នាក់ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនខ្លួនទៅតុលាការភ្លាមៗក្រោយបើកឆាកប្រយុទ្ធគ្នាទាំងព្រឹកព្រលឹម នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់អាវុធហត្ថរាជធានីកាលពីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
មន្ត្រីអាវុធហត្ថបង្ហាញថា កាលពីវេលាម៉ោង៥:០០នាទីព្រឹកថ្ងៃទី៥កញ្ញា ឆ្នាំ២០២៤ មានយុវវ័យ ប្រុស-ស្រី មួយក្រុម បានធ្វើសកម្មភាពវាយ និងយកដុំថ្មគប់លើយុវវ័យមួយក្រុមទៀត បណ្ដាលឱ្យរងរបួសចំនួន ៦នាក់ នៅចំណុចផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មិនអស់ចិត្តក្រុមជនសង្ស័យខាងលើ បាននាំគ្នាទៅធ្វើសកម្មភាពវាយជនរងគ្រោះដល់ផ្ទះម្ដងទៀត ក្នុងវេលាម៉ោងប្រមាណ ៦:៣០នាទីព្រឹកថ្ងៃដដែល នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពបន្តថា ក្រោយឃើញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គម កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ គ្រប់គោលដៅបើកការស្រាវជ្រាវរហូតដល់ម៉ោង ១៣:៥២នាទីថ្ងៃដដែល អាវុធហត្ថខណ្ឌមានជ័យកំណត់បានអត្តសញ្ញាណជនសង្ស័យ រួចឈានទៅឃាត់ខ្លួនបានជនសង្ស័យប្រុស-ស្រីចំនួន១១នាក់ (ប្រុស ៣នាក់ ស្រី៨នាក់) ក្នុងចំណោម ១៣នាក់ ពាក់ព័ន្ធករណីហិង្សា។
ក្រោមវិធានការជំនាញ ជនសង្ស័យប្រុស-ស្រី បានឆ្លើយសារភាពឱ្យដូចៗគ្នាថា ពួកគេពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សា ព្រួតវាយ និងយកដុំថ្មគប់ ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះតែមូលហេតុមានជម្លោះជាមួយក្រុមជនរងគ្រោះដែលជាបុគ្គលិកលក់ស្រាក្រឡុកមានទីតាំងនៅក្បែរគ្នា។
បច្ចុប្បន្នជនជនសង្ស័យប្រុសស្រីទាំង១១នាក់ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួន៕