គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ នៅកោះបាលី
ភ្នំពេញ៖ គណៈប្រតិភូកាកបាទក្រហមកម្ពុជាចំនួន ៧រូប ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលបានប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ដែលកាកបាទក្រហម ឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំពាក់ព័ន្ធចំនួន៣ បានប្រព្រឹត្តទៅមុនកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែកញ្ញានេះ ក្រោមមូលបទ «រួមកម្លាំងគ្នាកាន់តែខ្លាំងជាងមុនដើម្បីភាពធន់នឹងអាកាសធាតុ និងការស្តារឡើងវិញ» មានជារួម៖
១. វេទិកាយុវជនលើកទី៣ ពីថ្ងៃ២ ដល់ទី៤ ខែកញ្ញា ដែលសមាគមជាតិកាកបាទក្រហមកម្ពុជា មានយុវជន ២រូប ចូលរួម។
២. កិច្ចប្រជុំបណ្តាញការងារសង្គ្រោះបឋមក្នុងភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២ ដែលកាកបាទក្រហមកម្ពុជា មានមន្ត្រីជំនាញម្នាក់ចូលរួម។
៣. កិច្ចសន្ទនាផ្សារភ្ជាប់ទំនាក់ទំនង រវាងសមាគមជាតិអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តជាតិ ជាមួយអាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៤ ខែកញ្ញា។
កិច្ចសន្ទនាលើកទី១ ខាងលើនេះ ជាការអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ មានការចូលរួមពី អគ្គលេខាធិការដ្ឋានអាស៊ាន, នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន, តំណាងគណៈកម្មាធិការអាស៊ានទទួលការងារគ្រប់គ្រងគ្រោះមហន្តរាយ, ឯកអគ្គរដ្ឋទូត/រាជទូត នៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃបណ្តាប្រទសអាស៊ីអាគ្នេយ៍ប្រចាំអាស៊ាន ក្នុងនោះមាន ឯកឧត្តម ហេង សារិទ្ធ ឯកអគ្គរាជទូតកម្ពុជានៃស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំនៅអាស៊ាន និងប្រតិភូសហព័ន្ធអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក, ប្រចាំភូមិភាគ ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំមកពីសមាគមជាតិអាស៊ីអាគ្នេយ៍ទាំង១១។
គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ និងប្រតិភូ ៤ នាក់ បានចូលរួមពិភាក្សាខ្លឹមសារនៃរបៀបវារៈសំខាន់ ផ្តោតលើមូលបទចំនួន ៣ គឺ៖
១. ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅតាមប្រទេសអាស៊ាន
២. ការលើកកម្ពស់ការត្រៀមបង្ការនិងការឆ្លើយតបទៅនឹងហានិភ័យកម្រិតខ្ពស់នៃការប្រែប្រួលអាកាសធាតុ
៣. មតិចូលរួមរបស់ឯកអគ្គរាជទូត-រដ្ឋទូត ឬតំណាង នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអាស៊ាន និង មតិចូលរួមពីគណៈប្រតិភូសមាគមជាតិ ព្រមទាំងពីអគ្គលេខាធិការដ្ឋានអាស៊ាន ពីមជ្ឈមណ្ឌលជំនួយមនុស្សធម៌អាស៊ាន (AHA) និងពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន៕