មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះដឹកនាំការងារជំរុញសកម្មភាពធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ក្នុងខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះដឹកនាំការងារដើម្បីជំរុញសកម្មភាពធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយក្នុងភូមិសាស្រ្តស្រុកបាណន់ ខេត្តបាត់ដំបង ដែលគម្រោងនេះបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ រួមជាមួយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងជាច្រើនរូប ក៏បានចុះត្រួតពិនិត្យវាយតម្លៃតាមដានលើការអនុវត្តច្បាប់ទឹក ក្នុងការបង្រ្កាបបទល្មើសជាក់ស្តែងនាពេលកន្លងមក លើជនមួយចំនួនតូចដែលបានទន្រ្ទានកាន់កាប់ដីអាងទឹកនៃប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយខាងលើរហូតដល់អាងទឹកមួយនេះមានការគោករាក់ដោយអន្លើ ហើយត្រូវបានក្រសួងធនធានទឹក និងឧតុនិយមដកហូតទុកជាសម្បត្តិសាធារណៈរបស់រដ្ឋសម្រាប់ប្រើប្រាស់រួម៕