ក្រសួងមុខងារសាធារណៈ បណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការបន្ថែម
ភ្នំពេញ៖ ដើម្បីធានាដល់ការវិវត្តិទាំងសមត្ថភាព ទាំងវឌ្ឍនភាពព័ត៌មាន ឆ្ពោះទៅកាន់ការរៀបចំប្រព័ន្ធរដ្ឋបាលដែលមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ក្រសួងមុខងារសាធារណៈ រៀបចំការបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន រយៈពេលមួយថ្ងៃពេញ។
វគ្គបណ្តុះបណ្តាលនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធល្អៗ ប្រកបដោយឧត្តមានុវត្តន៍ និងនវានុវត្តន៍ និងការគ្រប់គ្រងបទពិសោធដែលអង្គភាពនីមួយៗ បានអនុវត្តន៍នាពេលកន្លងមក ព្រមទាំងសិក្សាពីគោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃកិរិយាបថរបស់មន្ត្រីរាជការ ព្រមទាំងសិក្សាអំពីលំហូរនៃការអនុវត្តការងារ ការរៀបចំលិខិតរដ្ឋបាល ក៏ដូចជាបំណែងចែកភារកិច្ច និងរចនាសម្ព័ន្ធរបស់អង្គភាពនៃក្រសួងមុខងារសាធារណៈ និងសិក្សាស្វែងយល់ពីច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រីរាជការនៃការវិវត្តន៍អាជីព និងកិច្ចការងារផ្សេងៗរបស់មន្ត្រីរាជការស៊ីវិល។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលបណ្តុះបណ្តាលតម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងមុខងារសាធារណៈ មានការរៀបចំបទបង្ហាញចំនួន១០ រួមមាន៖ ១)គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្ត្រីរាជការ ២)ការវិវត្តន៍អាជីព និងអត្ថប្រយោជន៍មន្ត្រីរាជការស៊ីវិល ៣)តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋាន ៤)តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ៥)តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថល ៦)តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ ៧)តួនាទី និងភារកិច្ចរបស់អគ្គាធិការដ្ឋាន ៨)តួនាទី និងភារកិច្ចរបស់សាលាភូមិន្ទរដ្ឋបាល ៩)តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និង ១០)តួនាទី និងភារកិច្ចនាយកដ្ឋានសវនកម្មផ្ទៃក្នុង ៕