សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ នៅរសៀលថ្ងៃនេះ
ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤។
វេទិកាស្រូវអង្ករកម្ពុជា បានរៀបចំឡើងឡើងជាលើកទី១ ក្នុងឆ្នាំ២០១៣ នៅខេត្តសៀមរាប ហើយឆ្នាំ២០២៤នេះ គឺជាលើកទី៧ហើយ ក្រោយពីខកខានដោយសារការរាតត្បាតជំងឺកូវីដ១៩។
វេទិកាស្រូវអង្ករកម្ពុជាលើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ «ការប្រែក្លាយច្រវាក់ផ្គត់ផ្គង់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្តរភាព»។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចម្បងៗចំនួន៤រួមមាន៖
១៖ ផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ពិភពលោក តាមរយៈការបង្ហាញអំពីសមត្ថភាពផលិតកម្មស្រូវ ការកិនកែច្នៃ និងភាពប្រជែងឈ្នះផ្សេងទៀតរបស់វិស័យស្រូវអង្ករកម្ពុជា។
២៖ ចែករំលែកដល់អង្គវេទិកាស្តីពីនិន្នាការនៃទីផ្សារ ការដាំដុះ ហិរញ្ញប្បទាន និងបច្ចេកវិទ្យាដែលពាក់ព័ន្ធដល់ការដាំដុះស្រូវ ការកិនកែច្នៃស្រូវអង្ករ។
៣៖ ចែករំលែកដល់អង្គវេទិកាស្តីអំពីទស្សនៈវិស័យ គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលលើវិស័យស្រូវអង្ករកម្ពុជា។
៤៖ ពិភាក្សាស្វែងរកធាតុចូល និងអនុសាសន៍នានា សម្រាប់លើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជា លើប្រធានបទសំខាន់ៗចំនួន៣រួមមាន៖ ១) «គន្លឹះសំខាន់នៃភាពប្រកួតប្រជែង និងភាពធន់លើការធ្វើកសិកម្មដាំដុះស្រូវនៅកម្ពុជា», ២) «គោលការណ៍បរិដ្ឋាន សង្គម អភិបាលកិច្ចល្អ និងនិរន្តរភាពហិរញ្ញប្បទានដល់វិស័យស្រូវអង្ករ», ៣) «និន្នាការទីផ្សារអង្ករពិភពលោក និងបញ្ហាសន្តិសុខស្បៀង»។
វេទិកាស្រូវអង្ករកម្ពុជា ដែលរៀបចំឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជាក្នុងឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៤០០នាក់។ វេទិកានេះអាចប្រព្រឹត្តទៅបានដោយមានការចូលរួមឧបត្ថម្ភថវិកា និងការគាំទ្រពីកម្មវិភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ សហគ្រិនខ្មែរ ធនាគារអភិវឌ្ឍន៍ជនបទ និងសកិកម្ម និងវិស័យឯកជនរួមមានធនាគារ ABA, FTB, WING, AMK, Prince ព្រមទាំងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនត្រួតពិនិត្យគុណភាព ក្រុមហ៊ុនម៉ាស៊ីន និងក្រុមហ៊ុនកម្ចាត់សត្វល្អិតជាដើម។
រាជរដ្ឋាភិបាលកម្ពុជាជាច្រើនអាណត្តិមកហើយតាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម រួមទាំងវិស័យស្រូវអង្ករនេះផងដែរ។ តាមការយកចិត្តទុកដាក់ជំរុញលើវិស័យស្រូវអង្ករនេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិតស្បៀងដ៏ធំមួយ ជួយទ្រទ្រង់ដល់សន្តិសុខស្បៀងពិភពលោកផងដែរ ៕