ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិការបស់ប្រជាពលរដ្ឋខ្មែរ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងសាមគ្គីដ៏រឹងមាំសម្រាប់ជាតិ។ ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបង្ហាញភាពស្ញប់ស្ញែងចំពោះកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ដែលបានបរិច្ចាគថវិការួមចំណែកគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្តោយតំបន់ព្រំដែន។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកការរួមចំណែកនេះ ថាជាការបង្ហាញច្បាស់នូវទឹកចិត្តខ្វល់ខ្វាយ និងឈឺឆ្អាលប្រកបដោយវិជ្ជមានរបស់ប្រជាពលរដ្ឋ ចំពោះជាតិមាតុភូមិជាទីស្នេហា និងបានបន្ថែមទៀតថា ជាការពិតមិនអាចប្រកែកបាន គឺគ្មានជនជាតិណា ឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់ជាតិមាតុភូមិ ចង់ឃើញភាពរីកចម្រើនក្រោមម្លប់សុខសន្តិភាព ជាងប្រជាពលរដ្ឋខ្មែរខ្លួនឯងនោះឡើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា កន្លងមក និងថ្មីៗនេះទៀត អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស រួមទាំងដៃជើង ប្រកបដោយមនោគមវិជ្ជានយោបាយបំផ្លាញផលប្រយោជន៍ជាតិ បានប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបង្កអសន្តិសុខ ដោយជ្រកក្រោមលេសខ្វល់ខ្វាយមិនសមហេតុផល ទាំងលើគម្រោងព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍន៍តំបន់ព្រំដែន ជាប់ប្រទេសឡាវ និងវៀតណាម។
ទន្ទឹមនឹងចាត់ទុកសកម្មភាពក្រុមប្រឆាំងជ្រុលនិយម ថាជាការធ្វើនយោបាយតាមរបៀបស្មោកគ្រោក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវប្រជាពលរដ្ឋ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបន្តវេន ដោយសង្កត់ធ្ងន់ទៀតថា គ្មានរដ្ឋាភិបាលណា ចំណាយធនធានទៅអភិវឌ្ឍន៍ជាតិ ដើម្បីបម្រើផលប្រយោជន៍បរទេស ហើយក៏គ្មានអ្នកដឹកនាំណា ដឹកនាំប្រទេស នាំឱ្យបាត់បង់ទឹកដីនោះដែរ។
សូមបញ្ជាក់ថា ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអតីតមន្រ្តីចូលនិវត្តន៍ នៅស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អតីតមន្រ្តីរាជការទាំងអស់ ដែលបានរួមចំណែកបំពេញការងារបម្រើជាតិ និងប្រជាជន ជាពិសេសការពារសុខសន្តិភាព និងអភិវឌ្ឍន៍ជាតិគ្រប់ដំណាក់កាល៕