ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ដឹកនាំកិច្ចប្រជុំ សេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ និងលោកនាយការិយាល័យទាំង១១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
បន្ទាប់ពី លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាល-សរុប អានសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានផ្តាំផ្ញើដល់លោកនាយករងមន្ទីរដែលទទួលទទួលបានភារកិច្ចថ្មី សូមគោរពតាមឋានុក្រមដឹកនាំ ប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវតម្កល់ផលប្រយោជន៍របស់អង្គភាពជាធំ។
ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ក៏បានណែនាំលោកនាយការិយាល័យទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងឯកសារលិខិតស្នាមនិងធ្វើការបែងចែកលិខិតឆ្លើយតបឲ្យបានច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមកយ៉ាងសកម្ម ទទួលបានលទ្ធផលល្អ។ ទន្ទឹមនោះក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវកែលំអ និងជាបទពិសោធន៍ផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច បានគូសបញ្ជាក់ថា ការប្រគល់ភារកិច្ចថ្មីជូនដល់ លោក-លោកស្រី នាយករងមន្ទីរនៅពេលនេះ សំដៅពង្រឹងពិសេសប្រសិទ្ធការងារ និងការទទួលខុសត្រូវលើការបញ្ជាដឹកនាំ។
ចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ក៏បានផ្តាំផ្ញើដល់លោក-លោកស្រី នាយករងមន្ទីរ និងលោកនាយការិយាល័យជំនាញ និងមន្ត្រីទាំងអស់ សូមពង្រឹងរបៀបរបបការងារ ពិសេសវិន័យកងកម្លាំងនគរបាលជាតិ ៕